អុឹម ជីវ៉ា និង ហេង ឡុង បញ្ចប់ជម្លោះក្រៅប្រព័ន្ធតុលាការ

ភ្នំពេញ​ : នៅទីបំផុតតារាសម្តែងលោក អុឹម ជីវ៉ា និងលោក ហេង​ ឡុង បានបញ្ចប់ជម្លោះក្រៅប្រព័ន្ធតុលាការហើយ បន្ទាប់ពីការផ្សះផ្សារដោយសន្តិវិធី។
ជម្លោះរបស់អ្នកទាំងពីរបានឈានទៅដល់ចាប់ដៃគ្នាវិញនាពេលត្រូវបានគេដឹងថា ដោយសារមានការជួយផ្សះផ្សារពីលោកជំទាវ ហ៊ុន សុីណាត។
បើយោងតាមការបង្ហោះសារពីលោក អុឹម ជីវ៉ា បានអោយដឹងថា “ខ្ញុំបាទ អ៊ឹម ជីវ៉ា សូមជម្រាបជូនសាធារណៈជន និងបងប្អូនអ្នកសារព័ត៌មានមេត្តាជ្រាបថា៖ ក្រោយពីបានជួបជជែកគ្នារវាងខ្ញុំបាទ មេធាវី និងភាគីលោក ហេង ឡុង ក្នុងស្មារតីជាគ្រួសារអ្នកសិល្បៈ ភាគីទាំងអស់បានសម្រេចបញ្ចប់ការយល់ច្រលំគ្នានាពេលកន្លងមកដោយសន្តិវិធី។ ក្នុងន័យនេះ ផងដែលខ្ញុំបាទ សូមធ្វើបំភ្លឺទាក់ទងនឹងការយល់ច្រលំគ្នានាពេលកន្លងមក ដូចខាងក្រោម៖
-ទី១ កាលពីថ្ងៃទី15/11/2019 ខ្ញុំបាទប្រកាសលាឈប់ពីសមាគមសិល្បៈ ដោយភ្ជាប់ជាមួយការស្នើសុំឲ្យមានបំភ្លឺចំនួន ៩ ចំនុច ទាក់ទងនឹងការងាររបស់សមាគម តាមរយៈគណនីហ្វេសបុករបស់ខ្ញុំបាទ ដែលខ្លឹមសារដែលខ្ញុំបាទបានPost ធ្វើឲ្យមានការយល់ច្រលំ ពីសំណាក់បង ហេង ឡុង និងអ្នកបង ចន ច័ន្ទលក្ខិណា ថាជាការបរិហាកេរ្ត៍ ការប្រមាថ និងការគំរាមកំហែងហែកកេរ្ត៍ទៅវិញ ដែលធ្វើឲ្យ ប៉ះពាល់អារម្មណ៍របស់ពួកគាត់ ដែលជាបុគ្គលស្អាតស្អំ និងខិតខំដើម្បីសិល្បៈនាពេលកន្លងមក។
-ទី២ ខ្ញុំបានយល់ច្បាស់ថា សកម្មភាពបណ្តឹងរបស់បង ហេង ឡុង និងអ្នកបង ចន ច័ន្ទលក្ខិណា គឺជាសកម្មភាពប្រកបសីលធម៌ ដោយមិនមានចេតនាអាក្រក់ណាមួយមកលើខ្ញុំឡើយ ផ្ទុយទៅវិញវាជាសិទ្ធិស្របច្បាប់របស់ពួកគាត់ដែលត្រូវតែធ្វើយ៉ាងចាំបាច់ការពារភាពស្អាតស្អំ ភាពចាស់ទុំ និងកិត្តិយសរបស់សមាគម ហើយខ្ញុំបាទក៏មិនការអាក់អន់ស្រពន់ចិត្តអ្វី ទាក់ទងនឹងសកម្មភាពរបស់ពួកគាត់ឡើយ ដោយខ្ញុំបាទ បានយល់ច្បាស់ពីសិទ្ធិរបស់ពួកគាត់ក្នុងនាមខ្ញុំបាទជាបញ្ញាវ័ន្តម្នាក់ដែលបានបញ្ចប់ការសិក្សាបរិញ្ញាបត្រច្បាប់ ផ្ទុយទៅវិញខ្ញុំបាទយល់ឃើញថា វាគឺជាសេក្តីថ្លៃថ្នូរមួយដែលអ្នកសិល្បៈមិនឈ្លោះហែកហួរគ្នាតាមបណ្តាញសង្គមFacebook ។
-ទី៣ បើទោះបីជាខ្ញុំបានលាឈប់ពីសមាគមសិល្បៈហើយក្តី ប៉ុន្តែខ្ញុំនៅតែស្រលាញ់រាប់អានបង ហេង ឡុង និងអ្នកបង ចន ច័ន្ទលក្ខិណា ដោយស្មារតីជាគ្រួសារអ្នកសិល្បៈតែមួយ។ និងក៏សូមថ្លែងអំណរអរគុណដល់អ្នកម្តាយ ហ៊ុន សុីណាត ដែលជាអ្នកម្តាយដែលមានព្រហ្មវិហារធម៌ដែលបានអោយកូនសម្រុះសម្រួលគ្នា ឈប់តបតរគ្នា ត្រូវចេះយោគយល់ទេគ្នាចេះសាមគ្គីគ្នាចាប់ពីថ្ងៃនេះតទៅ រស់ក្នុងដំបូលសន្តិភាពតែមួយ៕

Leave a Comment