គង់ ចាន់ស្រីមុំ ជាតារាស្រីម្នាក់ ដែលគេស្គាល់ថា ចូលចិត្តធ្វើអ្វីបំពេញសេចក្ដីសុខខ្លួនឯង មិនខ្វល់ពីសម្ដីអ្នកដទៃនិយាយបែបណានោះឡើយ ដូចជាការស្លៀកពាក់បែបស៊ិចស៊ី, ការតុបតែងខ្លួនប្លែកៗ ជាដើមនោះ ហើយចំណុចនេះ នាងក៏ធ្លាប់លើកឡើងផងដែរ។
ក្រៅពីនេះ គង់ ចាន់ស្រីមុំ មិនត្រឹមតែជាលំដាប់សិល្បការិនីមានឈ្មោះបោះសំឡេងលើវិថីសិល្បៈតែម្យ៉ាងនោះទេ តែនាង ក៏ត្រូវបានជាប់ឈ្មោះជាលំដាប់តារាស្រីអភិជន មានការចាយវាយទិញសម្ភារៈទំនើបៗ និង ដើរលេងកម្សាន្តបែបអភិជនយ៉ាងហ៊ឺហា។
ជាក់ស្ដែងថ្មីៗនេះ គណនីទីកតុកមួយឈ្មោះ «Rainnie Dara »បានទៅដល់បន្ទប់ទឹករបស់អ្នកនាង គង់ ចាន់ស្រីមុំលើកដំបូង ស្រាប់តែលាន់មាត់សរសើរថា ពិតជាធំខ្លាំងណាស់ ហើយនៅទីនោះពោរពេញដោយកាបូប និង ខោអាវ ប្រ៊េនៗ។ ក្នុងនោះ គណនីទីកតុកខាងលើ ក៏បានបង្ហាញកាបូបមួយ មានតម្លៃរហូតដល់ទៅ២ម៉ឺនដុល្លារឯណោះ។
ដោយឃើញបែបនេះ អ្នកលេងបណ្ដាញសង្គមទីកតុកមានការចាប់អារម្មណ៍ជាខ្លាំង ហើយលើកឡើងថា «គាត់ជាតារាស្រីសំណាងជាងគេ ចូលចិត្តគាត់, កាបូបគាត់ប្រើ ប្រហែលតារាថៃហើយ, ដូចកន្លែងលក់អញ្ចឹង, មនុស្សស្រី ដែលមានសំណាង, ក្ដីសុខរបស់មនុស្សស្រី គាត់ពិតជាមនុស្សស្រី ដែលមានសំណាងមែន,
សំណាងណាស់បងស្រី, ត្រជាក់ភ្នែកណាស់, ជាអ្វី ដែលមនុស្សស្រីប្រាថ្នា, មើលតែប្រពន្ធក៏ដឹងដល់សមត្ថភាពប្ដី, ជីវិតហាយសូ ដែលមនុស្សស្រីគ្រប់គ្នាចង់បាន, គេសាងបុណ្យអ្វីម្ដេចក៏សំណាងម្ល៉េះ, បន្ទប់ ដែលមនុស្សស្រីគ្រប់រូបប្រាថ្នា, បុណ្យគេច្រើនស្ត្រីសំណាង»។
គួរបញ្ជាក់ថា អ្នកនាង គង់ ចាន់ស្រីមុំ និង លោកគឹម សីហា បានរៀបការក្លាយជាប្ដីប្រពន្ធតាមប្រពៃណីរយៈពេល៦ឆ្នាំហើយ ប៉ុន្ដែមុនសម្រេចចិត្តដឹកដៃគ្នាចូលរោងការ តារាប្រុសស្រី២ដួងនេះ បានទាក់ទងមើលចិត្តថ្លើមគ្នាដល់ទៅ៩ឆ្នាំឯណោះ។ ដូច្នេះពួកគេស្គាល់គ្នារយៈពេល១៥ ឆ្នាំហើយ។ បច្ចុប្បន្ន ពួកគេ មានកូនស្រីម្នាក់ជាដំណាក់ឈាមរួមគ្នា ឈ្មោះម៉ូម៉ូ៕