ស្របពេលកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោកCambodian Idol រដូវកាលទី៤កំពុងដំណើរការជ្រើសរើសបេក្ខជន បេក្ខនារី យ៉ាងសស្រាក់សស្រាំនោះ ថ្មីៗនេះ មានអ្នកលេងបណ្ដាញសង្គមមួយចំនួន បានយកវីដេអូរបស់បេក្ខនារីម្នាក់ ឈ្មោះសុខ កញ្ញា ច្រៀងបទ «Shape of You» ប្រឡងកម្មវិធីនេះ កាលពីរដូវកាលទី៣ មកបង្ហោះឡើងវិញ បង្កឲ្យមានការចាប់អារម្មណ៍ជាខ្លាំង។
ទន្ទឹមនឹងការចាប់អារម្មណ៍នេះផងដែរ មានមតិភាគច្រើន បានរិះ,គន់បែបជាន់ពន្លិច, សើចចំអក, មើលងាយ ទៅលើបេក្ខនារីរូបនេះ ធ្វើឲ្យដឹងដល់សាមីខ្លួន ទ្រាំមិនបាន ចេញសារអំពាវនាវដល់បងប្អូន អ្នកលេងបណ្ដាញសង្គម បញ្ឈប់សកម្មភាពបែបនេះតទៅទៀត។
កញ្ញា សុខ កញ្ញា អតីតបេក្ខនារីកម្មវិធីលំដាប់ថ្នាក់ពិភពលោកខាងលើ បានបង្ហោះសារយ៉ាងវែអអន្លាយ កាលពីថ្ងៃទី១០ ខែមិថុនា ដូច្នេះថា សូមគោរព និងជម្រាបសួរដល់ពុកម៉ែបងប្អូនជាទីគោរព និងជាទីរាប់អាន នាងខ្ញុំសូមមកបកស្រាយទាក់ទងនៅ វីដេអូមួយនេះ ដែលជាវីដេអូ របស់ខ្ញុំផ្ទាល់ ទាក់ទងនឹងការប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodia Idol Season3 កាលពីឆ្នាំ២០១៨ កន្លងផុតទៅ។
នាងខ្ញុំមកនេះ គឺសូមសំណូមពរឲ្យអ្នកមួយចំនួនមេត្តាឈប់ផុសសើចចំអក ឬខមិនពាក្យមិនសមរម្យ នៅតាមបណ្ដា page ហ្វេសប៊ុកនានា ឬការស៊ែរ(ចែករំលែក) ពីអាខោនហ្វេសប៊ុកមួយទៅកាន់ហ្វេសប៊ុកមួយទៀត ដែលជាការបំបាក់ទឹកចិត្តនឹងការមើលងាយដល់រូបនាងខ្ញុំ ទាំងដែលវាកន្លងផុតទៅយូហើយ
តែមនុស្សចំនួនបែរជាមានបំណងចង់លេងសើច ទាំងដែលមិនយល់ពីអារម្មណ៍ខ្ញុំទៅវិញ ខ្ញុំច្រៀងមិនពីរោះ សម្រស់ខ្ញុំមិនស្អាត តែយ៉ាងណាអ្នកមួយចំនួនក៏មិនគួរនិយាយពាក្យមិនសមរម្យដាក់ខ្ញុំអញ្ចឹងដែរ។
បើសិនជាអ្នក ដែលមានការគិតពិចារណាខ្លី គេអាចនឹងគិតខ្លីដោយសារតែពាក្យសម្ដីមិនគប្បីរបស់អ្នកបាន ពីព្រោះយោបល់អ្នកមួយចំនួន ដែលបានសរសេរចូលគឺសុទ្ធតែរិះ.គន់ដើម្បីជាន់ពន្លិច និងសើចចំអកគ្រប់គ្នា មានភាគតិចណាស់ ដែលគោរពសិទ្ធិ និងលើកទឹកចិត្ត។
អ្នកទាំងអស់គ្នាសាកគិតទៅមើលបើម្នាក់នោះជាអ្នកទាំងអស់គ្នា ឬជានរណាម្នាក់នៅក្នុងចំណោមសាច់ញាតិបងប្អូនរបស់អ្នកទាំងអស់គ្នា ដែលត្រូវបានគេសើចចំអក តើអ្នកទាំងអស់គ្នាមានអារម្មណ៍បែបណា។ កុំដោយសារតែការលេងសើចរបស់អ្នកធ្វើឲ្យអ្នកដទៃឈឺចាប់ឬក្តៅក្រហាយអី គ្មាននរណាម្នាក់ចង់អាក្រក់ ឬបរាជ័យឡើយ។ សូមមេត្តាបញ្ឈប់រាល់សកម្មភាពឬ ពាក្យសម្ដីដែលជាន់ឈ្លី និងសើចចំអកដល់អ្នកដទៃបានទេ»៕