តារាសម្ដែង និងជាតារាចម្រៀង ដែលទស្សនិកជននិយមហៅតារាសក់ សំពោង លោក វី ជីវ័ន្ត កាលពីឆ្នាំមុន បានធ្វើឲ្យមហាជនចាប់អារម្មណ៍ម្ដងរួចមកហើយ ក្រោយពីលោក បានផ្លាស់ប្ដូរស្ទីលថ្មី ដោយដាច់ចិត្តកាត់សក់សំពោងចោល បន្ទាប់ពីរក្សាបានជិត២០ឆ្នាំនោះ។
មិនយូរប៉ុន្មាន កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ លោក បានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ម្ដងទៀត ក្រោយគេប្រទះឃើញទំព័រហ្វេសប៊ុកមួយចំនួន បានបង្ហោះរូបថតជាច្រើនសន្លឹករបស់លោកជីវ័ន្ត និងគូដណ្ដឹង ក្នុងឈុតប្រពៃណីនោះ។ ចំណែក នៅលើគណនីហ្វេសប៊ុក ពួកគេទាំង២ នាពេលនោះ ក៏មានការបង្ហោះសារអបអរសាទរជាច្រើន ពីសំណាក់មិត្តភក្ដិ ផងដែរ។
លោក វី ជីវ័ន្ត បានភ្ជាប់ពាក្យ ជាមួយគូដណ្ដឹងឈ្មោះ ខួចវណ្ណឌី ដែលមានស្រុកកំណើតនៅខេត្តតាកែវ ក្រោយពីពួកគេទាំង២នាក់ បានស្វែងយល់ចិត្តគ្នាអស់រយៈពេល៨ខែមកនោះ។ ចំពោះពិធីមង្គលការរបស់ពួកគេ អាចនឹងរៀបចំធ្វើនៅឆ្នាំ២០២៣ឯណោះ។
ក្រោយភ្ជាប់ពាក្យជាមួយអនាគតភរិយាជាអ្នករស់នៅខេត្តតាកែវរួចមក, ពេលនេះតារាសក់សំពោងលោក វី ជីវ័ន្ត ទទួលបានសមាជិកថ្មីជាកូនស្រី ដែលមានមុខមាត់ស្រស់ស្អាតគួរឱ្យស្រឡាញ់ ដែលមានវ័យប្រមាណជិតពីរខែ។
សម្រាប់កូនដំបូងជាកូនស្រីនោះ លោក វី ជីវ័ន្ត បានដាក់ឈ្មោះយ៉ាងពីរោះបែបខ្មែរថា វី ជីវណ្ណមុនី។ តារាសម្តែង ដែលមានសក់សំពោងរូបនេះ បានបង្ហាញអារម្មណ៍រីករាយជាខ្លាំងដោយទទួលបានចំណងដៃកូនស្រីដំបូងដ៏គួរឱ្យស្រឡាញ់បែបនេះ ហើយលោកក៏មានគម្រោងនឹងរៀបការទៅតាមប្រពៃណីខ្មែរនៅក្នុងថ្ងៃខួបកំណើតកូនស្រីតែម្តង៕