និយាយដល់ឈ្មោះ ជាតិ សុច្ចកា ប្រិយមិត្តមួយចំនួន ប្រហែលជាជ្រាបរួចមកហើយថា រូបនាង ជាអតីតតារាសម្តែង និងជាអតីតបេក្ខនារីនៅក្នុងកម្មវិធីប្រឡងចម្រៀង X Factor Cambodia របស់ទូរទស្សន៍ហង្សមាស។
នៅពេលប្រឡងនោះ បើទោះមិនទទួលជយលាភី តែតារាចម្រៀងរូបនេះ មានឱកាសបានទៅសម្តែងនៅប្រទេសអូស្ត្រាលីជាលើកដំបូងកាលពីអំឡុងឆ្នាំ២០១៩ តែចៃដន្យចំពេលជំងឺកូវីដផ្ទុះខ្លាំងនាងក៏ជាប់គាំងនៅទីនោះ និងបានជួបស្នេហ៍ជាមួយពលរដ្ឋខ្មែរជាអ្នករស់នៅប្រទេសអូស្ត្រាលី។ ពួកគេ បានរៀបការជាមួយគ្នា កាលពីពាក់កណ្តាលឆ្នាំ ២០២១ និងបានសម្រាលកូនដំបូងនៅក្នុងឆ្នាំនោះផងដែរ។
ជាតិ សុច្ចកា ធ្លាប់ប្រាប់ថា នឹងនាំស្វាមីនិងកូន ត្រឡប់មកស្រុកកំណើត ហើយរៀបការជាថ្មីម្តងទៀតក្រោយជំងឺកូវីដស្ងប់ស្ងាត់។ អ្វីដែលចាប់អារម្មណ៍ក្រោយមានស្វាមី ជាតិ សុច្ចកា សម្រេចលាឈប់ពីអាជីពនេះ តាមបំណងស្វាមី ដោយងាកមករៀនជំនាញផ្នែកជំនួញវិញម្តង។
គេសង្កេតឃើញថា ក្រោយមានកូនជាចំណងដៃជីវិតប្តីប្រពន្ធរបស់អតីតតារាចម្រៀងវ័យក្មេង ជាតិ សុច្ចកា កាន់តែមានក្តីសុខ និងរឹងមាំថែមមួយកម្រិតទៀត។ អ្វីដែលកត់សម្គាល់ ទោះស្វាមីអាយុច្រើនជាងដល់ទៅ២០ឆ្នាំក្តី ប៉ុន្តែ ជាតិ សុច្ចកា សរសើរស្វាមីថានៅតែមានវ័យក្មេង។
ជាតិ សុច្ចកា ទើបរៀបការពិធីខួបកំណើតគម្រប់អាយុ ១ខួបឱ្យកូនស្រីដំបូងរបស់ខ្លួនកាលពីប៉ុន្មានថ្ងៃមុន ដោយមានការតុបតែងខ្លួនយ៉ាងស្រស់ស្អាត ហើយក្នុងនោះក៏មានការសរសើរថាក្រោយមានកូន ជាតិ សុច្ចកា កាន់តែស្អាតជាងមុនជាពិសេសក្រោយស្រកគីឡូបែបនេះ។
ជាតិ សុច្ចកា ដែលទើបតែមានវ័យប្រមាណជាង ២០ឆ្នាំនោះ បានលើកឡើងថា ស្វាមីរបស់នាងអាយុច្រើនជាងនាងដល់ទៅ ២០ឆ្នាំ តែមានមុខមាត់នៅក្មេងមិនដឹងថា គួរនិយាយថា នាងបានប្តីក្មេងឬស្វាមីបានប្រពន្ធក្មេងនោះទេ៕