និយាយដល់ឈ្មោះ គុយ លី ប្រិយមិត្តមួយចំនួនទំនងជា បានជ្រាបរួចមកហើយថា ដំបូងឡើយរូបលោក គ្រាន់តែជាអ្នកចូលចិត្តថតវីដេអូច្រៀងលើបណ្ដាញសង្គម បន្ទាប់ពីទំនេរការងារជាកម្មករចិញ្ចឹមបង្គា ក៏ដូចជាសំណង់ នៅប្រទេសថៃប៉ុណ្ណោះ។
គេសង្កេតឃើញថា វីដេអូរបស់តារាចម្រៀងពលករលើបណ្ដាញសង្គមរូបនេះ ទទួលបានការចាប់អារម្មណ៍ជាខ្លាំងទាំងនៅប្រទេសកម្ពុជា ក៏ដូចជានៅប្រទេសថៃ។ អាចថា លោក ឧកញ៉ា ឡេង ណាវ៉ាត្រា ក៏ជាFans ម្នាក់ ដែលគាំទ្រគុយ លី ផងដែរ រហូតដល់លោកមានចិត្តអាណិតបានហៅ គុយ លី មករស់នៅផ្ទះ ព្រមទាំងឲ្យកាន់ការងារធំៗ ថែមទៀតផង។
បច្ចុប្បន្ន ក្រៅពីកាន់ការងារធំៗហើយនោះ គុយ លី ក៏ឆ្លៀតនិពន្ធបទចម្រៀងសម្រាប់តារាចម្រៀងនៅផលិតកម្មGalaxy Navatraផងដែរ។ អ្វីជា ការកត់សម្គាល់នោះ ស្រាប់តែថ្មីៗនេះ លេចមុខបេក្ខជនម្នាក់មានសំឡេងស្រដៀងទៅនឹងអតីតកម្មករចិញ្ចឹមបង្គារូបនេះមកប្រឡងចម្រៀង។
នៅក្នុងកម្មវិធីCambodian Idolរដូវកាលទី៤ វគ្គJugde Audition សប្ដាហទី៦ បេក្ខជនម្នាក់ ឈ្មោះ សំ កំសាន្ត អាយុ២៧ឆ្នាំ មកពីខេត្តតាកែវ បានលើកយកបទចម្រៀងមួយបទ មានចំណងជើងថា «ស្រក់ទឹកភ្នែកលើខ្នងក្របី» យកមកបង្ហាញសមត្ថភាពនៅចំពោះមុខគណៈកម្មការ។ តែរូបគេធ្វើមិនបានល្អនោះទេ ដោយមិនទទួលបាន«Yes»សូម្បីតែ១។
ទោះយ៉ាងណា សំឡេងរបស់បេក្ខជន ដែលទើបលាលែងពីការងារដើម្បីមកប្រឡងចម្រៀងរូបនេះ ត្រូវបានអ្នកទស្សនាមួយចំនួនយល់ឃើញស្រដៀងទៅនឹង គុយ លី រហូតដល់អ្នកខ្លះហៅរូបលោកថា ជាគុយ លី ទី២ ទៀតផង។
ជាក់ស្ដែង ពួកគេ លើកឡើងដូច្នេះថា «សំឡេងស្រដៀងបងគុយលី, សំឡេងដូចលោកគុយលីអញ្ចឹង, គុយលី ទី២ ពីរោះបង»។ ចំពោះគុយ លី ផ្ទាល់ ក៏បានចូលមើលវីដេអូ នៅក្នុងបណ្ដាញសង្គមយូធូប ផងដែរ ហើយបានត្រឹមលើកទឹកចិត្តបេក្ខជន ដែលមានសំឡេងស្រដៀងខ្លួនថា «ស៊ូៗបង»៕ សូមទស្សនាវីដេអូខាងក្រោម ៖