កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោកCambodian Idolរដូវកាលទី៤ បានបញ្ចប់វគ្គJudge Audition នៅក្នុងសប្ដាហ៍ទី៦ នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២កន្លងទៅនេះ ត្រៀមចូលដល់វគ្គ Theater Round ជុំទី1នៅថ្ងៃអាទិត្យ១៩ ខែមិថុនា ខាងមុខនេះ។
នៅក្នុងវគ្គJudge Audition សប្ដាហ៍ទី៦នេះ បានចម្រាញ់បេក្ខជន បេក្ខនារីមានសមត្ថភាពចំនួន២១នាក់ ខណៈសប្ដាហ៍ទី១ បានបេក្ខជន១៨រូប, សប្ដាហ៍ទី២ ចំនួន២១រូប, សប្ដាហ៍ទី៣ ចំនួន២៣រូប, សប្ដាហ៍ទី៤ បាន២៣រូប, សប្ដាហ៍ទី៥ ចំនួន២៣រូប។ ដូច្នេះ សរុបទាំង៦សប្ដាហ៍ចម្រាញ់បានបេក្ខជន បេក្ខនារីសរុបចំនួន១២៩រូប។
និយាយពីបេក្ខជនចុងក្រោយ ក្នុងវគ្គJudge Audition សប្ដាហ៍ទី៦ឈ្មោះ សយ វុត្ថា អាយុ៣២ឆ្នាំ បានឡើងមកបង្ហាញសមត្ថភាព ដោយច្រៀងបទ «ចុ,កដូចគេបុ,កមួយកាំ,បិត» បានយ៉ាងពីរោះរណ្ដំ គ្រាន់តែមានបញ្ហាចង្វាក់បន្តិចបន្តួច ហើយត្រូវគណៈកម្មការសរសើរ រួចផ្ដល់យេសទាំងអស់គ្នា។ តែមុននឹងបង្ហាញសមត្ថភាព អ្នកទស្សនាបានមើលឃើញចំណុចមួយចំនួន ហើយស្នើឲ្យកែប្រែបន្ទាន់។
មុននឹងបង្ហាញសមត្ថភាព បេក្ខជនមកពីខេត្តកំពង់ស្ពឺរូបនេះ បានដើរមកចំពោះមុខគណៈកម្មការ ហើយធ្វើដូចជាភ្ញាក់ផ្អើលពេលឃើញCoachទាំង៤នាក់ ជាមួយនឹងកាយវិការឆ្គងៗ ដោយចំណុចទាំងនេះ ត្រូវបានអ្នកទស្សនាថា ជាការខ្វះសុជីវធម៌នៅក្នុងខ្លួន។
ដោយឃើញបែបនេះ ពួកគេ លើកឡើងថា «សំឡេងពីរោះហើយបង តែសូមកែលម្អនៅត្រង់កាយវិការ និងអត្តចរិតបងនៅវគ្គក្រោយ, ចង់ធ្វើជាIdolរបស់មហាជន ចម្រៀង និងអត្តចរិត ត្រូវយោងគ្នា មិនអាចខ្វះមួយណាបានឡើយប្អូន ដឹងនៅ?,
សំឡេងពីរោះ តែជោរបន្តិច ខ្វះសីលធម៌បន្តិច គាត់ចង់លេងសើច តែរាងឆ្គងបន្តិច កុំជោរពេកប្រូ, អត្តចរិតគាត់មិនល្អទេ លេងហួសពាក្យគួរសម, ធ្វើចរិតមិនល្អសោះNo, ពីរោះខ្លាំងណាស់ តែចរិតរាងមិនសមរម្យបន្តិច, សំឡេងមធ្យម ចរិតវិញចប់, ខ្វះសីលធម៌»៕