ប្រិយមិត្ត បានជ្រាបរួចមកហើយថា គ្រួសារតារាចម្រៀង វី ឌីណែត មានសមាជិករហូតទៅដល់៣នាក់ឯណោះ បានឆ្លងជំងឺកូវីដ១៩ ក្នុងនោះ រួមមាន តារាចម្រៀង វី ឌីណែតផ្ទាល់, ប្អូនស្រីពៅ របស់វី ឌីណែត និងម្ដាយរបស់នាង។
ប៉ុន្តែគួរឲ្យស្ដាយក្រោយរកឃើញវិជ្ជមានកូវីដ១៩ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នោះ ស្រាប់តែដល់១៧ ខែមីនា ជំងឺធ្វើទុកខ្លាំងបញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់ រហូតដល់ថ្ងៃទី១៩ ខែមីនា ក៏ទទួលដំណឹងអកុសលថា ម្ដាយតារាចម្រៀង វី ឌីណែត និងត្រូវជាភរិយាលោកហួរ ឡាវី បាត់បង់ជីវិតទៅហើយ។
ក្រោយពេលម្ដាយបាត់បង់ជីវិត វី ឌីណែត បានបង្ហោះសារជូនដំណឹងយ៉ាងកម្សត់ថា «ខ្ញុំលែងមានម៉ាក់ហៅហើយសូមម៉ាក់ ទៅអោយបានសុខ ម៉ាក់កុំបារម្ភណា កូននឹងនៅមើលថែប៉ា និងអ្នកផ្ទះយើង កូននឹងរឹងមាំ
សូម្បីតែមុខជាលើកចុងក្រោយក៏មិនបានឃើញ ម៉ាក់ឈឺក៏កូនៗមិនអាចទៅមើលថែបាន ម៉ាក់ខូចហើយ ក៏មិនអាចឃើញសូម្បីតែសព ខ្ញុំក៏មិនអាចចេញទៅបាន ចេញទៅធ្វើបុណ្យអោយម៉ាក់ក៏មិនបាន សូមអោយវិញ្ញាណក្ខន្ធម៉ាក់ទៅកាន់សុខគតិភពផងចុះ»។
ជាមួយគ្នានេះ តារាចម្រៀងវី ឌីណែត ក៏បានផ្ដាំផ្ញើ និងអំពាវនាវថា «សូមបងប្អូនទាំងអស់គ្នាប្រុងប្រយ័ត្នជាមួយនឹងជំងឺដ៏សាហាវនេះ ?វាលឿនពេកហើយម៉ាក់អើយ»។
ងាកមកតារាចម្រៀងជើងចាស់ ហួរ ឡាវី មុនពេលភរិយាស្លាប់ បានបង្ហោះរូបថតអង្គុយស្រងូតស្រងាត់មួយសន្លឹក អមសារដ៏រំជួលចិត្តថា «អូនអើយ សូមអូនវិលត្រឡប់មកផ្ទះវិញមក ប្តីអង្គុយចាំមើលផ្លូវប្រពន្ធ ទាំងទឹកភ្នែក តស៊ូឡើងអូន សាធុ សាធុ សាធុ»។
ដោយឃើញបែបនេះ តារាចម្រៀងណុប បាយ៉ារិទ្ធ ដែលកំពុងវិជ្ជមានជំងឺកូវីដ១៩នោះ បានសម្ដែងការអាណិតជាពន់ពេកចំពោះលោកគ្រូ ហួរ ឡាវី ថា «ពូអើយពូ ឃើញរូបនេះហើយអាណិតពូខ្លោចចិត្ត អានពាក្យពូសរសេរដឹងពីទំហំចិត្តពូចំពោះភរិយា ពេលខ្លីសោះគ្រួសារមួយបាត់បង់ភរិយា បាត់បង់ម្តាយជាទីស្រលាញ់
សូមបងប្អូនប្រុងប្រយ័ត្នអោយដលទីបំផុត ពិសេស អ៊ំ ពូ មីង ចាស់ៗដែលមានជំងឺប្រចាំកាយស្រាប់ បើឆ្លងកូវីដមួយទៀតគឺហា.និ.ភ័យណាស់ ដូច្នេះសូម អ៊ំ ពូ មីង ប្រយ័ត្នអោយមែនទែន បងប្អូនទាំងអស់ថែទាំមនុស្សចាស់ក្នុងគ្រួសារអោយបានល្អ។
សូមវិញ្ញាណក្ខន្ធរបស់មីង បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាត សូមពូ និងប្អូនៗតាំងស្មារតីអោយមាំ អធិដ្ឋានជូនដំណើរមីងជាចុងក្រោយពីចម្ងាយ និងកុំភ្លេចថែទាំសុខភាពឲ្យបានរឹងមាំ ពិសេសពូដើម្បីជាម្លប់ ដល់កូនចៅរបស់ពូបន្ត រំលែកទុក្ខដ៏ក្រៀមក្រំចំពោះមរណភាពភរិយាលោកពូហួរ ឡាវីនិងជាអ្នកម្តាយប្អូនស្រី វីឌីណែត»៕