ប្រិយមិត្ត បានជ្រាបរួចមកហើយថា ម្ដាយតារាចម្រៀងវី ឌីណាត ឈ្មោះងួន សុផាន់នី អាយុ៦២ឆ្នាំ បានទទួលមរណភាពកាលពីវេលាម៉ោង១១និង៤៥នាទី នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក្រោយពីរកឃើញវិជ្ជមានជំងឺកូវីដ១៩ កាលពីពេលថ្មីៗកន្លងទៅនេះ។
បើតាមលោកហួរ ឡាវី បានប្រាប់គេហទំព័រក្នុងស្រុកថា ភរិយារបស់ខ្លួន ក្រៅពីវិជ្ជមានជំងឺកូវីដ១៩នោះ គាត់មានជំងឺច្រើនមុខទៀតដូចជា លើសឈាម, ទឹកនោមផ្អែម ជាដើម។
អ្វី ដែលធ្វើឲ្យមហាជន កាន់តែអាណិតនោះ មុនពេលភរិយា ទទួលមរណភាពនោះ លោកហួរ ឡាវី បានបង្ហោះរូបថតខ្លួនឯងអង្គុយយ៉ាងកម្សត់ ដង្ហោយហៅភរិយាឲ្យត្រឡប់មកផ្ទះវិញ។ ចំណែកកូនស្រីពៅរបស់លោក បានសរសេរសំបុត្រ ជូនម្ដាយ ដើម្បីឲ្យគាត់បានអាន ហើយសរសេរបណ្ដាំចុងក្រោយ ក្នុងករណីគ្រូពេទ្យសង្គ្រោះមិនបាន។ តែគួរឲ្យស្ដាយ គាត់មិនអាចអានបាននោឡើយ។
ចំពោះតារាចម្រៀង វី ឌីណែត ក្រោយពេលម្ដាយស្លាប់ បានបង្ហោះសារយ៉ាងរៀបរាប់យ៉ាងកម្សត់ ដោយសារតែមុខម្ដាយចុងក្រោយក៏បានមិនឃើញ ចេញទៅធ្វើបុណ្យឲ្យក៏មិនកើត បានត្រឹមអង្គុយសំពេះពីចម្ងាយ ពេលព្រះសង្ឃវត្តគល់ទទឹង រៀបចំពិធីបង្សុកូលឧទ្ទិសកុសលជូនដល់ ម្ដាយខ្លួននោះ។
វី ឌីណែត បានបង្ហោះទិដ្ឋភាពពិធីបង្សុកូលជូនម្ដាយខ្លួនជាច្រើនសន្លឹក អមដោយសារយ៉ាងកម្សត់នៅយប់ថ្ងៃទី១៩ ខែមីនា ថា «នាងខ្ញុំជំនួសមុខអោយក្រុមគ្រួសារ សូមសំដែងការអរគុណដល់ព្រះសង្ឃនៅ វត្តនិគ្រោធវ័ន ហៅ គល់ទទឹង ដែលបានជួយរៀបចំពិធីបង្សុកូលឧទ្ទិសកុសលជូនដល់ ម្ដាយរបស់ខ្ញុំ ងួនសុផាន់នី
សូមអោយវិញ្ញាណក្ខន្ធម៉ាក់ ទៅកាន់សុគតិភពផងចុះ ម៉ាក់ចោលកូនហើយទៅសែនឆ្ងាយ មុខចុងក្រោយក៏មិនបានឃើញ ទៅធ្វើបុណ្យអោយម៉ាក់ក៏មិនកើត មានតែតាមonline ?ម៉ាក់អើយម៉ាក់ ខ្ញុំនឹងរឹងមាំណាម៉ាក់»៕ សូមទស្សនាទិដ្ឋភាពពិធីបង្សុកូល, វីដេអូ និងសំបុត្រចុងក្រោយរបស់កូនស្រីពៅ របស់លោកហួរ ឡាវី ខាងក្រោមនេះ ទាំងអស់គ្នា ៖