លោកណុប បាយ៉ារិទ្ធ បានប្រកាសនៅលើគណនីហ្វេសប៊ុកថា ខ្លួនធ្វើតេស្ដវិជ្ជមានជំងឺកូវីដ១៩ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១កន្លងទៅនេះ ហើយក៏ត្រូវក្រុមគ្រូពេទ្យយកឡានមកដឹកលោកយកទៅសម្រាកព្យា.បាលនៅThe Great Dukes Phnom Penh Hotel ក្នុងថ្ងៃដដែលនោះផងដែរ។
កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១កន្លងទៅនេះ តារាចម្រៀងណុប បាយ៉ារិទ្ធ បានឡាយវីដេអូ ធ្វើការអរគុណដល់ក្រុមគ្រូពេទ្យ, ថ្នាក់ដឹកនាំ ព្រមទាំងបញ្ជាក់ពីស្ថានភាពសុខភាពរបស់ខ្លួន ដើម្បីឲ្យអ្នកគាំទ្របានជ្រាប និងនាំគ្នាបង្កើនការប្រុងប្រយ័ត្នទាំងអស់គ្នា។
លោក បានបញ្ជាក់ពីស្ថានភាពរបស់ខ្លួននៅពេលនោះទាំងអួលដើម.កថា តាំងពីសម្រាកព្យាបាលមក លោកសន្លប់ចំនួន២ដងរួចទៅហើយ ហើយជំងឺនេះ វាបានធ្វើទុក្ខ ដូចជាដេកមិនលក់, បាយមិនបាន, ខ្សោយកម្លាំង, រាករូស, លេបថ្នាំចូលក្អួតវិញជាដើម។
តាំងពីពេលឡាយវីដេអូពេលនោះមក ស្រាប់តែមានអ្នកលេងបណ្ដាញសង្គមមួយចំនួនតូចចេញមុខជាបន្តបន្ទាប់ថាលោកត្រូវគេជួលឲ្យសម្ដែងធ្វើជាឈឺ ហើយលោកក៏ធ្លាប់ធ្វើការបកស្រាយយ៉ាងវែងអន្លាយម្ដងរួចមកហើយជុំវិញរឿងនេះ។
លុះដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ស្រាប់តែមានគណនីហ្វេសប៊ុកមួយ ធ្វើការចោទប្រកាន់បែបនេះទៀត ទើបលោកទ្រាំមិន បានប្រកាសជាសាធារណៈថា « ចុះបើបងអោយប្អូនមកឈរទល់មុខជជែកជាមួយបងផ្ទាល់ក្នុងពេលឥលូវនេះប្អូនហ៊ានទេ ? បើប្អូនគិតថាបងមិនបានឈឺ ស៊ីឈ្នួលធ្វើឈឺ អ៊ីចឹងមានន័យថាក្នុងការគិតរបស់អូន គឺបងជាមិនបានឈឺជំងឺកូវីដ១៩ទេ មិនមានរឿងអីត្រូវខ្លាចឆ្លងទេមិនចឹង?
ប្អូនហ៊ានធ្វើការពិសោធន៍ទេ? ដោយក្តីរីករាយ ប្អូនអាចមកជួបបងផ្ទាល់នៅ The Great Dukes Phnom Penh Hotel ជជែករឿងល្អៗ ធម្មតាៗទល់មុខគ្នា ហើយបើប្អូនឆ្លងជំងឺនេះពីបង ដាច់ខាតកុំខឹងបងអោយសោះ ព្រោះប្អូនមិនជឿ តែបើប្អូនក្លាហានហ៊ានដៀលថាបងធ្វើពុត មានន័យថាប្អូនត្រូវក្លាហានពិសោធន៍ការពិតដូចគ្នា!
បើប្អូនមិនហ៊ានគឺមានន័យថាប្អូនមានទម្លាប់តែគិតអគតិ គិតជាអកុសសប៉ុណ្ណោះ បងខ្លាចប្អូនបាប និយាយតាមត្រង់។ ចុងក្រោយកុំនិយាយថា Fake account»។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ លោកណុប បាយ៉ារិទ្ធ បានធ្វើការឆ្លើយតបចំពោះការចោទប្រកាន់ម្ដងរួចមកហើយថា «ថ្ងៃទី៧ថ្ងៃ ដែលខ្ញុំបានចាកចេញពីផ្ទះមកព្យាបាលជំងឺកូវីដ១៩នៅឯសណ្ឋាគារ the great Duke Phnom Penh អតីតសណ្ឋាគារ intercontinental! ខ្ញុំបែកមនុស្សជាទីស្រលាញ់របស់ខ្ញុំ លោកអ្នកមានគុណ បងប្អូន ក្រុមគ្រួសារ សាច់ញាតិ មិត្តភក្តិ ខ្ញុំមិនបានបំពេញ ការងារ ឬភារកិច្ចផ្ទាល់ខ្លួន បងប្អូនគិតទៅមើល សួរថាខ្ញុំចង់មែនទេ? អត់ទេ!
ខ្ញុំក្តី អ្នកជំងឺទាំងអស់សុទ្ធតែប្រយ័ត្នប្រយែង ជាក់ស្តែងដូចជារូបខ្ញុំ និងបងប្អូនឯទៀត ខ្លាចណាស់ ការពារណាស់ ប្រយ័ត្នណាស់នៅតែជៀសមិនផុត ប្រយ័ត្នយ៉ាងហ្នឹង គេចយ៉ាងហ្នឹង ការពារយ៉ាងហ្នឹងនៅឆ្លង ចុះទម្រាំអ្នកដែលមិនប្រយ័ត្នសោះ ថែមទាំងមើលស្រាលទៀត
ម្សិលមិញ ខ្ញុំបានឡាយជជែកជាមួយបងប្អូនចង់ផ្តាំផ្ញើបទពិសោធន៍ខ្លះក្នុងនាមអ្នកអ្នកជំងឺកូវីដម្នាក់ មានបងប្អូន៣ ៤នាក់គាត់ខមមិន គាត់ឆាតមកថា គេជួលខ្ញុំប៉ុន្មានសម្រាប់ការសម្តែង? ជួលអោយលើកជើងថ្នាក់ដឹកនាំ!
បងប្អូន បងប្អូននិយាយនេះមិនត្រឹមគិតថាខ្ញុំលេងសើចនឹងជីវិតខ្លួនឯងទេ គឺបងប្អូនខ្លួនឯងដែលនិយាយនេះតែម្តង ដែលមិនចេះស្រលាញ់ជីវិតខ្លួនឯង ហេតុអី? បើខ្ញុំរស់លើដីនៃព្រះរាជាណាចក្រកម្ពុជា រស់ក្រោមម្លប់ព្រះមហាក្សត្រ រស់ក្រោមការបីបាច់ថែរក្សារបស់ប្រមុខថ្នាក់ដឹកនាំកំពូលសម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ខ្ញុំលើកដៃអរគុណគាត់ខ្ញុំខុសដែរ?
កុំថាខ្ញុំរស់លើដី បើទោះខ្ញុំរស់ក្នុងទឹក លើអាកាស អោយតែក្នុងប្រទេសកម្ពុជាក៏ខ្ញុំត្រូវតែដឹងគុណក្នុងនាមជាប្រជាជនមួយរូប។ ថ្ងៃនេះ ម៉ោងនេះ អ្នកថាខ្ញុំសម្តែង ព្រោះអ្នកមិនបានដឹងពីទុក្ខលំបាកនៃជំងឺនេះ ដែលខ្ញុំជួប ហើយបើទោះជាដឹងក៏អ្នកគ្មានបេះដូងគ្មានឆន្ទៈការពារទប់ស្កាត់ការចម្លងដែរ ផ្ទុយទៅវិញអ្នកច្បាស់ជាឆ្លៀតឱកាសបង្កបញ្ហាផ្សេងៗជាក់ជាពុំខាន។
បើអ្នកខ្លួនឯងមិនបរិសុទ្ធទៅហើយ ហេតុអីអ្នកអូសទាញខ្ញុំយកទៅបំផ្លើសថាខ្ញុំសម្តែង អ្នកមិនខ្លាចបាបបុណ្យសោះយ៉ាងនេះ? សូមអ្នកបើកភ្នែកអោយធំៗ សម្លឹងអោយឃើញពីទុក្ខលំបាកនិងហានិ ភ័យដែលប្រទេសទាំងមូលកំពុងជួបក្នុងគ្រាអាសន្នផង
ហើយអ្នកបកមកចង្អុរថ្ងាសសួរខ្លួនឯងវិញទៅមើលថា អ្នកបានជួយអ្វីខ្លះ? កុំថាដល់សង្គម គ្រួសារអ្នក សូម្បីតែខ្លួនឯង? សុំតែកុំអោយអ្នកផឹកស៊ីជុំគ្នាអ្នកធ្វើមិនបានផង ឬអ្នកបានតែដើរចាំតែខាំត្របាក់គេដោយពាក្យមុសាគ្មានវិចារណញ្ញាណទេ? ហើយអ្នកនឹងសើចសប្បាយពេលឃើញអ្វីដែលខ្លួនឯងបានធ្វើសមតាមបំណង?
បើនោះគឺជារសនិយមដ៏ចាំបាច់របស់អ្នក ខ្ញុំពិតមិនចម្លែកចិត្តទេថាហេតុអ្វី? អ្នករៀនសូត្របានតិច តែមិនប្រាកដថាអ្នកគ្មានសតិក្នុងការគិតទេ ២០២១ហើយសូមឈប់និយាយពាក្យថាល្ងង់ព្រោះរៀនបានតិច គ្នាគិតមិនដល់…No គ្រប់យ៉ាងគឺសង្គមជាអ្នកបង្រៀន ជាអ្នកជួយតម្រង់ផ្លូវយើងច្រើនណាស់
សង្គមជាអ្នកបង្ហាត់បង្រៀនយើងអោយចេះគិត ចេះវាយតម្លៃ ចេះពិចារណា ចេះស្គាល់អ្វីល្អមិនល្អ អ្វីគួរជឿមិនគួរ មិនចេះតែអោយយើងស្លុងតាមការប៉ាន់ស្មានទាំងងងឹតងងុលរបស់ខ្លួនឯងទេ សូម្បីមនុស្សអនាថាក៏គង់ចេះរកវិធីយ៉ាងណាអោយខ្លួនឯងរស់ ច្នោះមានន័យថាអ្នកជាមនុស្សដែលមានសតិសម្បជញ្ញៈអន់ខ្សោយជាងជនអនាថាគ្មានទីពឹងទៀតមែនទេ?
ហើយបានតែក្អេងក្អាងតាមFacebook តាមVDOឃ្លីបហ្នឹងឬ? ចុះបើមិនអ៊ីចឹងហេតុអីមនុស្សមានសតិបែរជានិយាយស្តីមកដូចមនុស្សមិនដែលឆ្លងកាត់សាលារៀនទៅវិញ????? មាត់និយាយថា អាណិតប្រជាជន តែបែរជាទះដៃរីករាយសើចសប្បាយកក្អឹកស្រែកជ័យឃោសអបអរចង់អោយប្រជាជនស្លាប់ ?
ទង្វើមាត់ផ្សេងចិត្តផ្សឹងបែបហ្នឹងទើបទេវតាមិនប្រោសអោយស្គាល់ជាតិធ្វើការងារធំនឹងគេ វានាំចង្រៃដល់ប្រទេស ពពួករស់ដើម្បីបើកតែមាត់ ហើយទេវតានឹងបរាមុខជាក់ជាពុំខាន;សូមបញ្ឈប់បានបញ្ឈប់ទៅ រូបកាយ សាច់ឈាមរបស់ខ្ញុំ ត្រូវបានមេរោគកូវីដជ្រៀតចូលមករស់នៅជាមួយតាំងតែពីថ្ងៃទី១មីនាម្ល៉េះ
ខ្ញុំឈឺ ខ្ញុំពិបាក ខ្ញុំវេទនាដូចបងប្អូនអ្នកជំងឺកូវីដដទៃដូចគ្នា បើអ្នកអគតិ អ្នកមកឈឺជួសខ្ញុំមក អ្នកនឹងបានបុណ្យ ហ៊ានទេ? អោយខ្ញុំយំទៅ ព្រោះខ្ញុំពិបាក អ្នកសើចចំអកអោយខ្ញុំ ខ្ញុំនៅតែបានបុណ្យត្បិតធ្វើអោយអ្នកសើច ខ្លាចតែធ្វើអោយអ្នកយំទើបខ្ញុំបាប តែសូមអ្នកចាំថា រូបកាយខ្ញុំ រងការពិបាកដោយការវាយលុកពីមេរោគ
រូបកាយខ្ញុំធ្លាប់ដេកផ្ទាល់ឥដ្ឋក្បែរចានបង្គន់ក្នុងបន្ទប់ទឹក កាលនោះដោយសាររាគនិងក្អួតខ្លាំងពេក សភាពរាងកាយទប់ទល់លែងជាប់ គ្មានកម្លាំងស៊ូ រូបកាយខ្ញុំធ្លាប់សន្លប់ស្តូកស្តឹង២លើកហើយដោយកាលណោះខ្ញុំស៊ូជាមួយការធ្វើទុក្ខរបស់មេរោគផង ថ្នាំផងមិនទាន់បាន។
រូបកាយខ្ញុំមិនអាចទទួលទានអាហារសមតាមចិត្តចង់ដូចអ្នកទេ មានអាហារបែរលេបមិនចូល មានទឹកបែរជាមិនស្រែក ក្នុងមាត់មានរសជាតិតែ១គឺភ្លាវ ល្វីង ឈឺចាប់ពេញរាងកាយ កម្ដៅឡើងដល់ ៣៨ ៣៩ ដកដង្ហើមមិនបានគឺក្អក ក្អកទល់តែស្លេះចេញឈាមមកជាមួយ ចង់សម្ងំគេងក៏គេងមិនបាន
គេងបានបន្តិចបន្តួចដឹងខ្លួនវិញ ការលំបាកទាំងនេះមិនមែនមានតែខ្ញុំទេ ដែលជួបគឺគ្រប់បងប្អូនដែលកើតជំងឺនេះ សុទ្ធតែមានករណីដូចគ្នា សួរថាហ្នឹងឬជាការធ្វើពុត ? ហ្នឹងឬ ជាអ្វីដែលអ្នកឃើញថាធម្មតាៗ?
កុំមើលស្រាល ខ្ញុំចង់អោយអ្នករស់អោយបានយូរមើលឃើញខ្ញុំជាវិញ ចង់អោយអ្នករស់អោយបានយូរដោយកុំអោយស្គាល់ជាតិកូវីដអោយសោះ រស់អោយបានយូរដោយគ្មានសម្រែកអោយជួយនៅពេលដែលអ្នកឆ្លង។ សូមបង្កើនសតិរបស់អ្នកអោយបានរីកចម្រើន ដុះដាលក្នុងផ្នត់គំនិតល្អ គិតឡើងវិញ ពិចារណាឡើងវិញ អានខមមិនដែលអ្នកផ្ញើមកខ្ញុំឡើងវិញ បើអ្នកនៅមានជាតិជាមនុស្ស»៕ សូមទស្សនាវីដេអូ លោកណុប បាយ៉ារិទ្ធ ឡាយនាពេលកន្លងមក ដូចខាងក្រោមនេះ ៖