គេនៅចាំបានថា អ្នកនាងគង់ សុជាតិ បានរៀបការជាមួយ លោក ជា វិបុល កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅសណ្ឋាគាអាំងទែរកុងទីណង់តាល់ ដោយចំណាយថវិកាជាច្រើនម៉ឺនដុល្លារ។ ក្រោយរៀបការ បានប៉ុន្មានឆ្នាំ ពួកគេ ក៏ទទួលបានចំណងដៃកូនស្រីដ៏គួរឲ្យស្រឡាញ់ម្នាក់។
មុននឹងរៀបការជាមួយលោកជា វិបុលនោះ អ្នកនាងគង់ សុជាតិ មានកូន២នាក់ក្នុងបន្ទុក ដែលជាដំណក់ឈាមរួមគ្នាជាមួយ លោក វិសាលភាព។ ក្រោយលែងលះគ្នា អ្នកទាំងពីរ នៅរាប់អាននឹងគ្នាធម្មតា ហើយពេលនេះ កូនរបស់ពួកគេពេញវ័យអស់ហើយដែរ។
ក្រឡេកមកមើលអាយុរបស់លោកជា វិបុល ប្អូនអ្នកនាងគង់ សុជាតិ ចំនួន៣ឆ្នាំ ប៉ុន្តែលោកជាវិបុល បានដើរតួនាទីជាប្ដីល្អ ជាឪពុកល្អ តែងតែផ្ដល់ក្ដីស្រឡាញ់ដល់អ្នកនាងគង់ សុជាតិ និងចាត់ទុកកូនប្ដីមុន បីដូចជាកូនបង្កើតរបស់លោក ជាមួយនឹងការមើលថែ ពួកគេ បានយ៉ាងល្អផងដែរ។
កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ កន្លងទៅ កូនប្រុសច្បង របស់អ្នកនាងគង់ សុជាតិ បានភ្ជាប់ពាក្យជាមួយ នារីដ៏ស្រស់ស្អាតម្នាក់។ ក្រោយរង់ចាំអស់រយៈពេលប្រមាណជិត២ឆ្នាំ ទីបំផុតនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២នេះ កូនប្រុសច្បងរបស់ពិធីការិនីរូបនេះ បានដឹកដៃភរិយារូបស្រស់ ចូលរោងការតាមប្រពៃណីហើយ។
ពិធីសិរីជ័យមង្គលរបស់កូនប្រុសតារាជើងចាស់ដ៏ល្បីល្បាញរូបនេះ បានរៀបចំតុបតែងយ៉ាងប្រណីត និង អធិកអធមមិនធម្មតានោះទេ។ នៅក្នុងកម្មវិធីពេលព្រឹកនេះ គេក៏ឃើញមានវត្តមានភ្ញៀវកិត្តិយសសុទ្ធតែជាអ្នកសិល្បៈ និង អ្នកមានមុខមាត់ក្នុងសង្គម ដើម្បីមកចូលរួមជូនពរដល់គូស្វាមីភរិយា។
នៅព្រឹកដដែលនេះ ទំព័រហ្វេសប៊ុក Seng Hok Heng បានបង្ហាញទិដ្ឋភាពទាំងមូលនៃពិធីនេះ ដែលធ្វើឡើងនៅThe Premier Centre Sen Sok ឃើញថា ការការរៀបចំតុបតែង ព័ស្តុភារបណ្ដាការល្អប្រណីត មានផ្កាភ្ញីស្រស់ៗ។ ចំណែកឯកូនកំលោះកូនក្រមុំក៏ស្រស់ស្អាត និង ស្រស់សង្ហាស័ក្ដិសមនឹងគ្នាខ្លាំងណាស់៕