កាលពីពេលថ្មីៗកន្លងទៅនេះ អតីតតារាសម្តែង កែវ វល័ក្ខ ទើបតែប្រកាសពាក់ព័ន្ធទៅនឹងឧកញ៉ា លាន អាហ្វ្រីលគីនីន មិនបានទទួលខុសត្រូវទៅលើចំណុចមួយចំនួន ក្រោយពីបែកគ្នាជាមួយអ្នកនាង ធ្វើឲ្យអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកមានការចាប់អារម្មណ៍ជាខ្លាំង។
អ្នកនាង កែវ វល័ក្ខ បានបង្ហោះសារ ដែលមានអត្ថន័យដូច្នេះថា «អ្នកដឹងបានដឹង អ្នកអត់ដឹងនៅតែអត់ដឹង អាអើយអា មិនដឹងជាជេរបែបណាឱ្យ អស់កំហឹងដែរខឹង នូវទង្វើថោកទាបរបស់វា(កាតព្វកិច្ច+ទំនួលខុសត្រូវ+អាហារកិច្ច) បីចំណុចនឹងមានន័យយ៉ាងម៉េចបងប្អូន»។
ក្រោយបែកគ្នា ពួកគេមានដៃគូស្នេហារៀងៗខ្លួន ដោយ ឧកញ៉ា លាន អាហ្វ្រីលគីនីន កំពុងរស់នៅជាមួយអ្នកមេម៉ាយរូបស្រស់ជាអ្នកលក់អនឡាញយ៉ាងមានក្តីសុខ ខណៈអ្នកនាង កែវ វល័ក្ខ បានភ្ជាប់ពាក្យជាមួយបុរសម្នាក់កាលពីពាក់កណ្តាលខែមេសាកន្លងទៅនេះ ដោយមានការចូលរួមសាទរពីសំណាក់សាច់ញាតិជាច្រើន។
អ្វីដែលចាប់អារម្មណ៍ បើទោះជាបានភ្ជាប់ពាក្យទៅតាមប្រពៃណីខ្មែរក្តី តែអ្នកមេម៉ាយកូនបួនរូបនេះ បានបញ្ជាក់ថា នាងមិនទាន់បានរួមរស់ក្រោមដំបូលជាមួយគ្នាទេ។ នេះ ពិតជាគួរឲ្យសរសើរខ្លាំងណាស់ ខណៈតារាមួយចំនួន នៅក្រមុំ ហើយមិនទាន់រៀបការផង ក៏រស់នៅក្រោមដំបូលជាមួយគ្នាបាត់ទៅហើយ។
ចំពោះគូដណ្ដឹងរបស់អ្នកនាង មើលទៅរាងចាស់នោះ កែវ វល័ក្ខ បានប្រាប់ ហាក់លេងសើចថា «មើលឃើញគាត់ចាស់ដោយសារគាត់ទុកពុកមាត់ប្រសិនបើកោរគឺក្មេងជាងខ្ញុំតែម្តង ហេតុនេះទើបខ្ញុំមិនឱ្យកោរ» ។
បន្ថែមលើនេះ កែវ វល័ក្ខ ក៏បានបញ្ជាក់ដែរថា មូលហេតុនាងសម្រេចចិត្តភ្ជាប់ពាក្យ ដោយសារកាលភ្ជាប់ស្នេហ៍ជាមួយ លាន អាហ្វ្រីលគីនីន កាលជិត ២០ឆ្នាំមុន ពួកនាងមិនមានការរៀបការ ទើបអតីតស្វាមីមិនដែលឱ្យតម្លៃរូបនាងរហូតដល់ចែកផ្លូវគ្នាបែបនេះ។ កែវ វល័ក្ខ ថាទោះមេម៉ាយ តែត្រូវឱ្យតម្លៃខ្លួនឯង។
នេះពិតជាដូចបទចម្រៀងមេម៉ាយឡើងថ្លៃពិតមែន ដ្បិតមានឈ្មោះជាអ្នកមេម៉ាយមានកូនប្រុសស្រីដល់ទៅបួននាក់ក្តី តែអតីតតារាសម្តែងដែលមានវ័យ៤១ឆ្នាំរូបនេះ បាននិយាយថា អនាគតស្វាមីរបស់នាងជាបុរស ដែលមានអាយុប្អូននាងដល់ទៅ ១០ឆ្នាំឯណោះ។
ទោះជាយ៉ាងនេះក្តី មានការ លើកឡើងថា មើលទៅស័ក្ដិសមគ្នាណាស់បើមិនប្រាប់មិនដឹងនោះទេថាអាយុរបស់ពួកគេខុសគ្នាឆ្ងាយបែបនេះ ហើយក៏មានអ្នកខ្លះបានជូនពរឱ្យចំណងស្នេហ៍របស់ កែវ វល័ក្ខ និងដៃគូថ្មីស្រឡាញ់គ្នាជារៀងរហូត៕