និយាយដល់ឈ្មោះ ទុំ សុវត្ថិ នោះ ប្រិយមិត្តច្បាស់ជាជ្រាបសឹងគ្រប់គ្នារួចមកហើយថា រូបគេ បានប្រែក្លាយគ្រោះក្លាយជាលាភ ក្រោយពីទទួលបានការគាំទ្រច្រើនពីមហាជន បើទោះរូបគេត្រូវធ្លាក់ចេញពីកម្មវិធីCambodian Idolត្រឹមវគ្គJugde Audition ក្រោមការសម្រេចចុងក្រោយ របស់លោក ឆន សុវណ្ណរាជ ក៏ដោយចុះ។
បច្ចុប្បន្ន ទុំ សុវត្ថិ ត្រូវបានមហាជនស្គាល់ស្ទើរតែមួយប្រទេសទៅហើយ ដោយអាចនិយាយបានថា ល្បីជាងម្ចាស់ពានទៅទៀតនោះ ហើយឱកាសការងាររកលុយចំពោះយុវជនមានប្រវត្តិដ៏កម្សត់រូបនេះ ក៏មានច្រើនផងដែរ។
ជាក់ស្ដែងៗថ្មីនេះ ទុំ សុវត្ថិ ត្រូវបានក្រុមហ៊ុនទូរសព្ទយក្ស HUAWEI អញ្ជើញទៅច្រៀងក្នុងកម្មវិធីសម្ពោធលក់ជាផ្លូវការ HUAWEI nova Y70 ដោយមាន ការដើរលើកម្រាលព្រំក្រហម ច្រៀងរាំកម្សាន្ត បង្ហាញម៉ូត និង ទស្សនាខ្សែភាពយន្ត Jurassic World Dominion 3D មុនគេ នៅក្នុងរោងកុន Prime Cineplex, Samai Square ទួលគោក។
ក្រោយពីឡើងច្រៀងក្នុងកម្មវិធីខាងលើរួចមក ស្រាប់តែនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២នេះ ក្រុមហ៊ុន HUAWEI បានប្រកាសដំណឹងដ៏ភ្ញាក់ផ្អើលថា «សូមអបអរដល់លោក ទុំ សុវត្ថិ និង ក្លាយជាទូតសុច្ឆន្ទៈតំណាងអោយស្មាតហ្វូន HUAWEI និង ប្រកាសបទOriginal Song ផ្លូវការរបស់ក្រុមហ៊ុន HUAWEI!»។
តាមរយៈនេះ អ្នកគាំទ្រ បានសម្ដែងការអបអរសាទរព្រោងព្រាត ក្នុងនោះពួកគេ លើកឡើងថា «កុំភ្លេចអរគុណពូរាជណាអាប្អូន, NO ថ្ងៃមុន, ឥឡូវប្រែពីពាក្យថា No, ល្បីល្បាញជាង អ្នកលើកពានរង្វាន់ហើយ។, ជោគជ័យ ទាំងមិនបានត្រៀមខ្លួន, សំណាង ធ្លាក់ពីមេឃមែន អ្វីៗគ្រប់យ៉ាងពិតជាមានរឿងស្មានមិមដល់ច្រើនណាស់!»។
ក្រឡេកទៅមើលម្សិលមិញវិញ ទុំ សុវត្ថិ មានឱកាសឡើងច្រៀងក្នុងកម្មវិធីចម្រៀងគ្រួសារខ្មែរទៀតផង។ ទុំ សុវត្ថិ បានបញ្ជាក់ នៅមុនពេលឡើងច្រៀងថា «ជួបគ្នាយប់នេះ ក្នុងកម្មវិធី ចម្រៀងគ្រួសារខ្មែរ ដែលចូលរួមជាមួយសិល្បករ សិល្បការិនី រៀមច្បងជាច្រើនរូប… ផ្សាយផ្ទាល់លើផេកចម្រៀងគ្រួសារខ្មែរចាប់ពីម៉ោង 7យប់តទៅ»៕