កាលពីថ្ងៃទីយប់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២កន្លងទៅនេះ កូនស្រីនាយកុយ កញ្ញា ជី ស្រីណែត បានចូលរួមប្រឡងក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោកCambodian Idolរដូវកាលទី៤ វគ្គJudge Auditionសប្ដាហ៍ទី១ ដោយនៅពេលនោះ នាងបានសាងភាពភ្ញាក់ផ្អើលខ្លាំងណាស់សម្រាប់អ្នកទស្សនា។
នៅពេលនោះ នាង បានលើកយកបទមរតកដើម «នឹកភូមិភ្នំធំ» ដើម្បីបង្ហាញសមត្ថភាព។ មុននឹងបង្ហាញសមត្ថភាពនេះ នាងបាននិយាយពីជីវប្រវត្តិរបស់ខ្លួនថា ត្រូវជាកូនស្រីរបស់ លោកជួង ជី ហៅ នាយកុយ ធ្វើឲ្យគណៈកម្មការភ្ញាក់ព្រើតតែម្ដង។
នៅមុនបង្ហាញខ្លួនមុខគណៈកម្មការនេះ បេក្ខនារីមកពីក្រុងតាខ្មៅ ខេត្តកណ្ដាល ស្ថិតក្នុងវ័យ២១ឆ្នាំរូបនេះ បញ្ជាក់ថា មូលហេតុ ដែលខ្លួនដាក់ពាក្យមកប្រឡងនេះ ដោយសារតែខ្លួនស្រឡាញ់វិស័យសិល្បៈ ហើយចង់ក្លាយជាអ្នកសិល្បៈដូចប៉ាដែរ។
ជាមួយគ្នានេះ ស្រីណែត បានបញ្ជាក់ថា ក្នុងការមកចូលរួមការប្រឡងកម្រិតពិភពលោកមួយនេះ ខ្លួន មិនប្រាប់ឪពុកឲ្យដឹងនោះទេ ដឹងតែម៉ាក់ប៉ុណ្ណោះ ព្រោះចង់ឲ្យប៉ាភ្ញាក់ផ្អើល។ ស្រីណែត បន្តទៀតថា ប៉ាខ្លួនមិនដឹងខ្លួនចេះច្រៀងនោះទេ ដឹងត្រឹមខ្លួនជាអ្នកលក់អនឡាញ ពូកែរកស៊ី ហើយបើជាប់ទៅវគ្គបន្តបន្ទាប់ទៀត ខ្លួននឹងអញ្ជើញប៉ាឲ្យមកលើកទឹកចិត្ត។ ក្រោយច្រៀងចប់ ទីបំផុត កញ្ញា ជី ស្រីណែត អាចឈានទៅវគ្គបន្តទៀត ជាមួយនឹងលទ្ធផល ទទួលបាន«យេស»ចំនួន៣ ក្នុងចំណោមគណៈកម្មការ៤រូប។
ដោយឡែក កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ កម្មវិធិលំដាប់ថ្នាក់ពិភពលោកមួយនេះ បានឈានដល់វគ្គ Theater Round ជុំទី1 ហើយមុននឹងឈានដល់នេះ នោះ បេក្ខជនមួយចំនួន ត្រូវឆ្លងកាត់វគ្គJudge Cut Downម្ដងទៀត។ ក្នុងចំណោមអ្នកត្រូវឆ្លងកាត់វគ្គនេះ ក៏មានកូនរបស់នាយកុយ ផងដែរ។
ក្នុងវគ្គនេះ គណៈកម្មការ តម្រូវឲ្យបេក្ខជន៥នាក់ ច្រៀងគោកម្នាក់ម្ដងៗរហូតដល់អស់គ្នា ហើយក្រោយច្រៀងចប់នោះ ឃើញថា កូនរបស់នាយកុយ មិនបានជាប់ទៅវគ្គ Theater Round ជុំទីនោះឡើយ ពោលគឺធ្លាក់ត្រឹមវគ្គJudge Cut Downនេះឯង។ ការធ្លាក់នេះ បានធ្វើឲ្យ កញ្ញា ជី ស្រីណែត ស្រក់ទឹកភ្នែកម៉ាត់ៗកាត់ផែនថ្ពាល់ ហើយបានដើរទៅផ្ទះវិញទាំងសោកស្ដាយ។
គេសង្កេតឃើញថា នៅក្នុងវគ្គJudge Audition មានបេក្ខជន បេក្ខនារីមួយចំនួនជាប់សែស្រឡាយជាមួយតារាល្បីៗ ហើយបានប្រឡងជាប់វគ្គនេះ ដោយទទួលបាន«យេស» សុទ្ធតែ៤ឯណោះ។ ប្រការនេះ ត្រូវបានមតិមួយចំនួនលើកឡើងថា ជាប់ដោយសារខ្សែ។ ផ្ទុយពីការគិតនេះ ឥឡូវ បេក្ខជន បេក្ខនារីមួយចំនួន ដែលល្បីថា មានខ្សែនោះ ធ្លាក់អស់ខ្លះហើយត្រឹមវគ្គJudge Cut Down ដូចជាប្អូនជីទួតមួយ តារាចម្រៀង ខេមរៈ សិរីមន្ត , កូន នាយកុយជាដើម៕