និយាយដល់ឈ្មោះ ម៉ាដូណា ប្រិយមិត្តមួយចំនួន ច្បាស់ជានឹកឃើញភ្លាមថា រូបលោក ជាប់បំណុល ដោយសារការលេងតុងទីនដល់ទៅជាង៥០ម៉ឺនដុល្លារឯណោះ។ ទោះយ៉ាងណា ក្នុងបទសម្ភាសន៍ជាមួយ លោកអ៊ឹម ជីវ៉ា នៅថ្ងៃខួបស្នេហាគម្រប់៧ឆ្នាំ, ម៉ាដាណូ បានបញ្ជាក់ថា លោកមិនជាប់ជំពាក់វ៉ាក់វិននឹងអ្នកណាទៀតទេ ក្រោយពីលក់ទ្រព្យសម្បត្តិមួយចំនួនយកទៅសងគេនោះ។
ក្រោយពីសងបំណុលគេរួចអស់នោះ ម៉ាដូណា រលាស់ដៃភិល ដឹកដៃប្ដីធ្វើខួបកំណើត រួមនឹងខួបនៃក្តីស្រឡាញ់ នៅភោជនីយដ្ឋានវីហ្វ្រេនឬស្សីកែវ ដោយមានការចូលរួមផ្តល់កិត្តិយសពីសំណាក់អ្នកមានមុខមាត់នៅក្នុងសង្គម និងអ្នកសិល្បៈជាច្រើន ដែលធ្វើឱ្យ ម៉ាដូណា និងគូស្នេហ៍ញញឹមបិទមាត់មិនជិតឡើយ។
អ្វី ដែលចាប់អារម្មណ៍ បើទោះ បានរួមរស់ជាមួយគ្នារហូតដល់ទៅ៧ឆ្នាំក៏ពិតមែន តែលោក ម៉ាដូណា និងស្វាមីពិតជាមានបំណងចង់រៀបការទៅតាមប្រពៃណីខ្មែរ ហើយថែមទាំងចង់បានកូនប្រឡែងថែមទៀត។
ងាកមក ពិធីខួបនៃក្តីស្រឡាញ់រយៈពេល៧ឆ្នាំរបស់ ម៉ាដូណា និងគូស្នេហ៍វិញ បានរៀបចំយ៉ាងអធិកអធម កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ហើយតាម គម្រោងអញ្ជើញភ្ញៀវប្រមាណជា៤០តុទេ ប៉ុន្តែធាតុពិតដល់ទៅ ៦០តុឯណោះ។
ក្នុងនាមជាម្ចាស់កម្មវិធី ម៉ាដូណា និងគូស្នេហ៍លោក ហេង ទ្រី បានតុបតែងខ្លួនយ៉ាងស្រស់ស្អាតក្នុងឈុតបុរាណពណ៌ក្រហមស្រស់រួមនឹងសម្លៀកបំពាក់បែបបែបអ្នកមាននៅឌូបៃទៀតផង។
គេនៅចាំបានថា ម៉ាដូណា ធ្លាប់យំសស្រាក់នៅក្នុងកម្មវិធីជជែកម្សាន្ត 3Fun មួយ ប្រកាសក្ដែងៗថាខ្លួនកំពុងវ័ណ្ឌ-កជាមួយបំណុលតុងទីនរហូតដល់ជាង ៥០ ម៉ឺនដុល្លារ ដោយសារតែការទុកចិត្តកូនតុងទីនដែលសុទ្ធសឹងតែជាមិត្តភក្ដិជិតស្និទ្ធ មានខ្លះងារជាឯកឧត្តម លោកជំទាវ និង ខ្លះទៀតគឺជាអ្នកសិល្បៈល្បីឈ្មោះគិតថាគេមិនបោក តែចុងក្រោយបែរជានាំគ្នារត់គេច៕