គេនៅចាំបានថា កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២កន្លងទៅនេះ តារាសម្ដែង ម៉ិច ម៉ារីកា បានភ្ជាប់ពាក្យជាមួយអាណិកជនខ្មែររស់នៅសហរដ្ឋអាមេរិក ដោយមានការចូលរួមពីសំណាក់មិត្តភក្តិរួមអាជីពប្រមាណជា ១០តុប៉ុណ្ណោះ។
ការអញ្ជើញភ្ញៀវតែចំនួន១០តុសម្រាប់ពិធីភ្ជាប់ពាក្យរបស់ខ្លួននេះ ត្រូវបានតារាស្រី លេចវត្តមានក្នុងភាគខ្មែរជាច្រើនរូបនេះ បញ្ជាក់ថា ធ្វើដោយមិនមានគម្រោង ទើបអញ្ជើញភ្ញៀវតិចតួចបែបនេះ។
ក្រោយភ្ជាប់ពាក្យបានប៉ុន្មានថ្ងៃ តារាសម្ដែងរូបនេះ បានបង្ហោះសារបញ្ជាក់ពីចំណងស្នេហ៍របស់ខ្លួនថា «មកដល់ពេលនេះ៩ឆ្នាំហើយសម្រាប់ពួកយើង ស្គាល់គ្នា២ឆ្នាំសុំធ្វើជាសង្សារ ជាសង្សារបាន២ឆ្នាំក៏បែកគ្នា បែកគ្នា៥ឆ្នាំHmm…»។
អ្នកនាង បន្តថា «តែអ្វីដែលស្មានមិនដល់គឺពួកយើងបានជួបគ្នាវិញម្ដងទៀត មិនគិតទេថានឹងមានថ្ងៃនេះ ជួបគ្នាម្ដងនេះ សុំប្រើជីវិតប្ដីប្រពន្ធវិញ មិនចង់ឈ្លោះ មិនចង់បែក តែចង់មើលថែគ្នានឹងរស់នៅជាមួយគ្នារហូតដល់ចាស់ love you husband»។
ក្រោយភ្ជាប់ពាក្យ ម៉ិច ម៉ារីកា និងគូដណ្តឹង បានបណ្តើរគ្នាទៅលំហែរនៅតាមបណ្តាខេត្តជាច្រើន ហើយរហូតមកដល់ថ្ងៃទី២០ ខែមិថុនា គូដណ្តឹងរបស់នាងមានឈ្មោះថា ជុំ ចាន់ឆវី ក៏ដល់ពេលវេលាត្រូវត្រឡប់ទៅសហរដ្ឋអាមេរិកវិញដែរធ្វើឱ្យតារាសម្តែងរូបនេះ ជូនដំណើរទាំងក្តីអាលោះអាល័យ។
ក្នុងនោះ ម៉ិច ម៉ារីកា មិនទាន់កំណត់ពេលវេលាក្នុងការចាកចេញទៅរស់នៅជាមួយអនាគតស្វាមីឡើយ ហើយតាមគម្រោង នាង ក៏មិនមានបំណងរៀបការនៅក្នុងស្រុកខ្មែរទៀតដែរ។ ជាមួយគ្នានេះ អ្នកគាំទ្រ ក៏បានសរសើរចំពោះចំណងស្នេហ៍របស់ពួកគេផងដែរ ដោយស្គាល់គ្នា២ឆ្នាំ សុំគ្នាធ្វើសង្សារ ធ្វើសារបាន២ឆ្នាំ ក៏បែកគ្នាទៀត តែ៥ឆ្នាំក្រោយ ស្រាប់តែពួកគេ នៅតែអាចជានាគ្នាវិញ ឈានដល់ការភ្ជាប់ពាក្យទៀត៕