គេនៅចាំបានថា កាលពីដើមឆ្នាំ២០២១ លោកស្រី គួយ ផល្លី បានទិញរថយន្តRolls-Royceឲ្យស្វាមីរបស់ខ្លួន គឺកំពូលតារាចម្រៀងខេមរៈ សិរីមន្ត ហើយជាការឆ្លើយតបទឹកចិត្តភរិយា កំពូលតារាចម្រៀងរូបនេះ ក៏បង្ហោះសារអរគុណ ជាសាធារណៈ ផងដែរ។
នៅពេលនោះ ខេមរៈ សិរីមន្ត បានបង្ហោះសារថា «ភរិយាខ្ញុំសួរខ្ញុំថា ហេតុអីបានបងចូលចិត្តជិះតែឡានធំៗខ្ពស់ៗចឹង តើបងចូលចិត្តឡានតូចអត់ ខ្ញុំថាមានអីចូលចិត្តតាស ស្រាប់តែឡានមកដល់មុខផ្ទះតែម្ដងអ»។ ក្រោយមក លោក បានទៅធ្វើស្លាកលេខដាក់ឈ្មោះខ្លួនឯង ហើយបង្ហោះរូបថតឈរជុំគ្រួសារ១ប៉ុស្តិ៍ ពីមុខរថយន្តនោះ អមដោយសារយ៉ាងខ្លីថា «ស្លាកលេខស្រួលចាំទេបងប្អូន»។
ដោយឡែក សម្រាប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២នេះ ជាថ្ងៃកំណើតរបស់ភរិយានោះ ឧកញ៉ា ខេមរៈ សិរីមន្ត បានSurpriseមនុស្សជាទីស្រឡាញ់ វិញម្ដង ដោយទិញ រថយន្តទំនើប ដែលមានតម្លៃរាប់ម៉ឺនដុល្លារ ជូនភរិយាជាអំណោយនៅក្នុងថ្ងៃពិសេសនេះ។
ជាមួយនឹងរូបភាពរថយន្តថ្មីចែស ម៉ាកហ្សីបពណ៌ខ្មៅ ដែលមានស្លាកលេខពិសេសផងនោះ តារាចម្រៀង ខេមរៈ សិរីមន្ត បាននិយាយថា «នេះជាកាដូថ្ងៃកំណើតអូនជូនពរអូនមានសុភមង្គលពេញមួយជីវិត»។
ជាមួយនឹងអំណោយដ៏មានតម្លៃ និងកាលីព របស់តារាចម្រៀង ខេមរៈ សិរីមន្ត សម្រាប់ភរិយានៅក្នុងថ្ងៃខួបកំណើតនេះ ត្រូវបានអ្នកគាំទ្រ មិត្តភក្ដិក្នុងរង្វង់សិល្បៈ លើកសរសើរ ស្រដៀងៗគ្នាថា «រំភើបជំនួសប្រពន្ធបងមន្ត ប្ដីល្អ ជូនពរអោយបងកាន់តែជោគជ័យ និងមានអ្នកគាំទ្ររហូត, នេះទើបហៅថាមានសុខរួមសុខមានទុក្ខរួមទុក្ខ»។
ទន្ទឹមនឹងការលើកសរសើរនេះ ក៏មានចម្ងល់ជាច្រើនលើកឡើងស្រដៀងៗគ្នាថា «Surprise ឡានបងស្រី ហេតុអ្វី ស្កាលេខមិនដាក់ឈ្មោះបងស្រី?, Idolទិញអោយប្រពន្ធតែស្លាកលេខ…, ស្លាកលេខ KSM = Khemarak Sereymun ហើយឡានឱ្យប្រពន្ធម៉េចស្លាកលេខឈ្មោះខ្លួនឯងវិញ idol?»។ ជាការឆ្លើយតប តារាចម្រៀង មានងារជាឧកញ៉ារូបនេះ បញ្ជាក់ថា «KSMក្រុមហ៊ុនគាត់គ្រប់គ្រងបាទ»៕ រក្សាសិទ្ធិ ៖ Ojanass & Khmeryerng