គេនៅចាំបានថា អ្នកនាងគង់ សុជាតិ បានរៀបការជាមួយ លោក ជា វិបុល កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅសណ្ឋាគាអាំងទែរកុងទីណង់តាល់ ដោយចំណាយថវិកាជាច្រើនម៉ឺនដុល្លារ។ ក្រោយរៀបការ បានប៉ុន្មានឆ្នាំ ពួកគេ ក៏ទទួលបានចំណងដៃកូនស្រីដ៏គួរឲ្យស្រឡាញ់ម្នាក់។
មុននឹងរៀបការជាមួយលោកជា វិបុលនោះ អ្នកនាងគង់ សុជាតិ មានកូន២នាក់ក្នុងបន្ទុក ដែលជាដំណក់ឈា,មរួមគ្នាជាមួយ លោក ម៉ៅ វិសាលភាព។ ក្រោយលែងលះគ្នា អ្នកទាំងពីរ នៅរាប់អាននឹងគ្នាធម្មតា ហើយពេលនេះ កូនច្បងរបស់ពួកគេ បានរៀបការរួចហើយដែរ កាលពីពេលថ្មីៗនេះ។
កូនប្រុសច្បងអ្នកនាង គង់ សុជាតិ ឈ្មោះ ម៉ៅ សាល់ភាពបុត្រ ស្ថិតក្នុងអាយុ២៧ឆ្នាំ បានបញ្ចប់ភាពនៅលីវ ដោយដឹកដៃកូនក្រមុំដ៏ស្រស់ស្អាត ឈ្មោះ ឈន ពុទ្ធាវីន ចូលរោងការ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២កន្លងទៅ ក្រោយពីភ្ជាប់ពាក្យកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០។
ទោះជាការរៀបការកូនដំបូងក្តី តែគេសង្កេតឃើញអ្នកនាង គង់ សុជាតិ និងលោក ជា វិបុល បានរៀបចំយ៉ាងល្អ និងហ៊ឹកហ៊ាក់ស័ក្ដិសមជាមួយកិត្តិយសរបស់ខ្លួន ហើយក្នុងនោះលោក ជា វិបុល ក៏បានបំពេញតួនាទី និងកាតព្វកិច្ចជាឪពុកយ៉ាងកក់ក្តៅនៅក្នុងពិធីមង្គលការកូនប្រុសរបស់អ្នកនាង គង់ សុជាតិ។
អ្វីជាការកត់សម្គាល់, ក្នុងពិធីមង្គលការនោះ គេក៏បានឃើញអតីតស្វាមីរបស់អ្នកនាង គង់ សុជាតិ លោក ម៉ៅ សាលភាព ក៏មានវត្តមាន ប្រកបដោយទឹកមុខរីករាយ ហើយលោកក៏បានជូនពរ និងចូលរួមនៅក្នុងពិធីកាត់សក់កូនប្រុសបង្កើតរបស់ខ្លួន ដែលធ្វើឱ្យកូនកំលោះ ម៉ៅ សាលភាពបុត្រ រំជួលចិត្តរហូតស្រក់ទឹកភ្នែកនៅក្នុងពិធីកាត់សក់បង្កក់សិរីនៅក្នុងពេលនោះ ផងដែរ។
ក្រៅពីការជូនពរដោយផ្ទាល់ហើយនោះ លោក ម៉ៅ សាល់ភាព ក៏បានបង្ហោះសារជូនពរកូនប្រុស និង កូនប្រសាស្រីក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍ យ៉ាងមានអត្ថន័យថា ៖ «សូមឱ្យកូនទាំង ២ នាក់មានសុភមង្គល និង ស្រឡាញ់គ្នាជានិរន្ដរ៍ Love you … Both Salpheap»។
អ្វីដែលចាប់អារម្មណ៍ទៀតនោះ ទោះមិនមែនជាឪពុកបង្កើត តែលោកជាវិបុល បានដើរតួនាទីជាប្ដីល្អ ជាឪពុកល្អ តែងតែផ្ដល់ក្ដីស្រឡាញ់ដល់អ្នកនាងគង់ សុជាតិ និងចាត់ទុកកូនប្ដីមុន បីដូចជាកូនបង្កើតរបស់លោក ជាមួយនឹងការមើលថែ ពួកគេ បានយ៉ាងល្អផងដែរ។
លើសពីនេះ លោក ជា វិបុល ក៏បានសរសើរដល់កូនប្រុសច្បងរបស់អ្នកនាង គង់ សុជាតិ ថាជាក្មេងល្អមិនដែលធ្វើឱ្យក្រុមគ្រួសារពិបាកចិត្តម្តងណាឡើយ ហើយសព្វថ្ងៃ ម៉ៅ សាលភាពបុត្រ ក៏មានការងារល្អទើបលោក និងភរិយាសម្រេចឱ្យកូនប្រុសរៀបការសាងគ្រួសារផ្ទាល់ខ្លួន។
ដោយឡែកអ្នកនាង គង់ សុជាតិ នៅថ្ងៃទី២២ ខែមិថុនានេះ ក្នុងនាមទឹកចិត្តម្ដាយ បានបង្ហោះរូបថតជាច្រើនសន្លឹក ហើយពោលពាក្យយ៉ាងមានន័យដែរថា «ម្តាយណាមិនស្រលាញ់កូន ពេលនេះឃើញកូនមានគ្រួសារបែបនេះ ក្នុងនាមជាម្តាយពិតជារំភើប និង រីករាយក្រៃលែង ហើយគ្មានអ្វីក្រៅពីជូនពរកូនទាំងពីរ សូមអោយមានសេចក្តីសុខ និង សុភមង្គល ហើយស្រលាញ់គ្នាជារៀងរហូត រួមទាំងសូមខន្តីអភយ័ទោសពីសំណាក់ភ្ញៀវកិត្តយសទាំងអស់បើសិនជាមានកំហុសឆ្គង រឺទទួលមិនបានដិតដល់»៕