ប្រិយមិត្ត បានជ្រាបរួចមកហើយថា គិតត្រឹមថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ អ្នកវិជ្ជមានជំងឺកូវីដ១៩ ដែលស្ថិតក្នុងចង្កោមអ្នកសិល្បៈ មានចំនួន១៥នាក់ទៅហើយ ហើយក្នុងចំណោមនោះ ភាគច្រើនតារាមកពីផលិតកម្មរស្មីហង្សមាស។
ដោយឡែកចំពោះតារាជាច្រើនទៀតរបស់ផលិតកម្មរស្មីហង្សមាស ដែលធ្វើតេស្ដអវិជ្ជមានជំងឺកូវីដ១៩នោះ បាននិងកំពុងធ្វើចត្តាឡីស័ក តាមការកំណត់របស់ក្រសួងសុខាភិបាលរយៈពេល១៤ថ្ងៃ។
ក្នុងចំណោមអ្នកធ្វើចត្តាឡីស័កនោះ ក៏មានអ្នកនាងគង់ សុជាតិ និងលោកជា វិបុល ផងដែរ។ ប៉ុន្តែប្ដីប្រពន្ធដ៏ផ្អែមល្ហែមមួយគូនេះ បានធ្វើចត្តាឡីស័កលើសថ្ងៃកំណត់ទៅទៀតរហូតដល់កូនរបស់ពួកគេលាន់មាត់ទៅហើយ។
ជាក់ស្ដែង អ្នកនាងគង់ សុជាតិ និងលោក ជា វិបុល នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ បង្ហាញពីអារម្មណ៍កូនរបស់ពួកគេថា «ដូរីសង្ឃឹមថាក្រោយ១៤ថ្ងៃបានអោបប៉ាម៉ាក់ហើយ តែឥឡូវខកចិត្តខឹងបាត់ ព្រោះប៉ាម៉ាក់ថែមបួន ប្រាំថ្ងៃទៀត»។
តាមរយៈនេះ មានការបញ្ចេញមតិលើកទឹកចិត្តចំពោះកូនរបស់ពួកគថា «ដូរី ស្អាតគួរអោយស្រលាញ់ ទ្រាំតិចទៅក្មួយ, ទ្រាំបន្តិចទៅក្មួយដូរី គង់តែបានអោបប៉ាៗនិងម៉ាក់ទេណាកូន, ស៊ូៗ អូន ត្រឹម5ថ្ងៃទៀតទេ ដើម្បីអោយស្ងប់ចិត្តទាំងអស់គ្នាជូនពរអូន ទទួលបានលទ្ធផលល្អ»៕