កីឡាករប្រដាល់ដែលអ្នកគាំទ្រគុនខ្មែរស្គាល់ថាក្រមុំតែងខ្លួន អ៊ុំ ចម្រើន បានប្រកាសពីការវិលចូលសង្វៀនវិញក្នុងពេលឆាប់ៗនេះបន្ទាប់ពីរូបគេជាសះស្បើយពីរបួសជង្គង់។
អ្នកប្រដាល់នៃក្លិបតាឡីដំរីមានរិទ្ធិរូបនេះបានសម្រេចចិត្តវះកាត់របួសជង្គង់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្ស៊ី) កាលពីខែសីហាជាមួយនឹងក្តីសង្ឃឹមបន្តអាជីពជាអ្នកប្រដាល់។
កូនសិស្សលោកគ្រូ ញ៉ូវ ម៉ាក់ រូបនេះធ្លាប់បានបញ្ជាក់ថា រូបគេមិនដែលគិតចង់ឈប់ប្រកួតឡើយហើយតែងតែមើលវីដេអូចាស់ៗនៃការប្រកួតរបស់ខ្លួន។ ទោះបីជាយ៉ាងណាក៏ដោយ អ៊ុំ ចម្រើន មិនបានបញ្ជាក់ពីពេលវេលាពិតប្រាកដនៃការវិលត្រឡប់មកកាន់សង្វៀនវិញនោះទេ។
គួរបញ្ជាក់ថា ម្ចាស់ខ្សែក្រវាត់គូបូតានិងគោជល់រូបនេះបានផ្អាកឡើងសង្វៀនចាប់តាំងពីឆ្នាំ២០១៨មកម្ល៉េះដោយសារតែរបួសជង្គង់ក្នុងការប្រកួតជាមួយកីឡាករថៃ ភេត មុន្នី នៅសង្វៀនប៉ុស្តិ៍អាស៊ីអាគ្នេយ៍៕