ចំណងស្នេហ៍របស់តារាចម្រៀងមាឌល្អិតចិត្តធំ តែសម្បូរបន្ដស្នេហ៍ លោក សុខ មេសា ហៅ នាយចឺម ជាមួយនឹងសង្សារក្រោយដែលគេស្គាល់ថា ជាស្រីស្រស់ សេង សុឃីម បច្ចុប្បន្នកំពុងល្អូកល្អិនជាមួយគ្នាកាន់តែខ្លាំង និងហ៊ានបើកជំហរភាពស្និទ្ធស្នាលជាមួយគ្នាជាងពីមុន។
ជាប្រចាំ នាយចឺម និងគូស្នេហ៍ តែងតែព្យាយាមរិតបន្តឹងចំណងស្នេហ៍របស់ពួកគេឱ្យកាន់តែមានភាពរឹងមាំ និងបានគង់វង្សយូរអង្វែង តាមរយៈការបង្ហាញរូបភាពស្និទ្ធស្នាល និងភាសាផ្អែមល្ហែមនៅលើបណ្ដាញសង្គម ខណៈដែលទំនាក់ទំនងអ្នកទាំងពីរក៏ចាស់ខែចាស់ថ្ងៃ។
ភាពចាស់ទុំនៃស្នេហានេះហើយ បានធ្វើឲ្យពួកគេ ឈានដល់ការទិញវិឡាររួមគ្នា នាពេលកន្លងមកទៀតផង។ ថ្មីៗនេះ នាយចឺម និង សេង សុខឃីម ទើបតែបណ្តើរគ្នាទៅមើលផ្ទះវិឡាររបស់ពួកគេ ឃើញថា ពិតជាស្អាតខ្លាំងណាស់។
លើសពីនេះ កាលពីម្សិលមិញ ពួកគេ បានថើបគ្នា ហើយបង្ហោះលើបណ្ដាញសង្គមធ្វើឲ្យហ្វេនៗឃើញហើយ លើសជាតិស្ករម៉ង។ បង្ហោះភ្ជាប់ជាមួយរូបថតដ៏ផ្អែមល្ហែមនេះ នាយចឺម បញ្ជាក់ជំហរទៅកាន់គូស្នេហ៍ថា «បងស្រលាញ់អូន មិនខ្វល់អ្នកណាសើចយំ Seng Sokhim សេង សុខឃីម»។
ដោយឃើញបែបនេះ ហ្វេនៗពួកគេ ចូលខំមិនព្រោងព្រាតថា «បងជឿថា គ្មានទេអ្នកសើចយំទេប្អូន។ មានតែអ្នកឡើងឈា.ម និងស្រៀវទឹកមាត់ទេប្អូនសម្លាញ់ បឺតឲ្យធ្លាក់អណ្ដាតទៅប្អូនសម្លាញ់, Sweet ទៀតហើយមេ, សមគ្នាណាស់បង, សុភមង្គលគ្រួសារឯងទៅខ្វល់អីសម្តីអ្នកដទៃ»។
ទោះជាយ៉ាងដូច្នោះក្ដី គូស្នេហ៍មួយគូនេះ មិនដែលនឹកនា ឬបង្ហើបពីគម្រោងចូលរោងការឡើយ ហើយពាក់ព័ន្ធនឹងករណីនេះ នាយចឺម ដែលជាម្ចាស់បទ «ថ្លៃទឹកដោះ» ក៏ធ្លាប់ឱ្យសារព័ត៌មានក្នុងស្រុកដឹងថា ពួកគេកំពុងតែត្រូវការប្រើពេលវេលា ដើម្បីមើលចិត្តគ្នាបន្តិចទៀតសិន ហើយរឿងរៀបការនៅមិនទាន់គិតនៅឡើយទេ៕