លោកអ្នក ទំនងជា បានជ្រាបរួចមកហើយ នូវខ្សែជីវិតរបស់អតីតពលករប្រទេសកូរ៉េ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលកើតចេញពីត្រកូលកសិករ និងមានស្រុកកំណើត នៅភូមិ ត្រពាំងសាលា ស្រុកបាភ្នំ ខេត្តព្រៃវែង ហើយក៏ជាអ្នកដែលតស៊ូខ្លាំងបំផុតដើម្បីចាកចេញពីភាពក្រីក្រ។
អ្នកឧកញ៉ា បានឆ្លងកាត់ព្យុះភ្លៀងរាប់មិនអស់ក្នុងជីវិត រហូតក្លាយឈ្មោះជាឧកញ៉ា និងបច្ចុប្បន្នមានឈ្មោះជាអ្នកឧកញ៉ា ដែលមានលុយវាល់លានដុល្លារ មានជំនួញធំៗជាច្រើន និងជាសប្បុរសជនដ៏ល្បីល្បាញមួយរូបផងដែរ។
បើទោះពេលនេះ អ្នកឧកញ៉ា ក្លាយជាបុគ្គលជោគជ័យ មានលុយវាល់លានក៏ពិតមែន ប៉ុន្តែជារឿយៗ អ្នកឧកញ៉ា បានប្រើជីវិតរបស់ខ្លួនយ៉ាងសាមញ្ញ ដូចទៅនឹងពេលអតីតកាល រស់បែបជីវិតជាអ្នកស្រែ ដដែល ដោយមិនតម្កើងឫក ភ្លេចកំណើតរបស់ខ្លួននោះឡើយ។ ចំណែកគ្រួសារវិញ អ្នកឧកញ៉ា កំពុងរស់នៅយ៉ាងមានសុភមង្គលជាមួយភរិយា និងកូន៣នាក់។
ក្នុងចំណោមកូនទាំង៣នោះ ចាស្មីន ( Jasmine) មានកសម្មភាពខ្លាំងជាងគេនៅលើបណ្ដាញសង្គម ហើយថ្មីៗនេះទៀត ថែមទាំងបង្ហោះសារមួយធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ជាខ្លាំង ព្រោះពាក្យពេចន៍មិនសមថា កូនក្មេងអាចរកនឹកសរសេរចេញមកយ៉ាងល្អបែបនេះឡើយ។
បង្ហោះភ្ជាប់ជាមួយរូបថតជាមួយឪពុក១សន្លឹក អូនចាស្មីន បានដាក់Captionយ៉ាងចាក់ដោតថា «លោកពុកមិនបង្រៀនអូនអោយចាយលុយទេ តែបង្រៀនអូនឲ្យប្រឹងរកលុយ លោកពុកប្រាប់ថា មិនឲ្យសង្ឃឹមទ្រព្យសម្បត្តិឪពុកម្ដាយទេ ត្រូវពឹងលើខ្លួនឯង»។
អ្វី ដែលកាន់តែចាប់អារម្មណ៍ទៀតនោះ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២២នេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហោះរូបថតកូនស្រីសំណព្វចិត្តរូបនេះ មួយសន្លឹក ហើយទម្លាយថា «ខ្ញុំបានបង្រៀននិងបង្វឹកកូន ពីតូចទៅអោយហើយ គាត់មានអាយុទើបតែ5ឆ្នាំទេ ប៉ុន្តែ គាត់សម្រាកពីរៀនអាចរកចំណូលក្នុងមួយថ្ងៃ ពេលខ្លះបាន 500$ទៅ1000$
ហើយរបស់ដែលគាត់ចង់ទិញនេះភាគច្រើន គឺគាត់ប្រឹងប្រែងរកលុយដោយខ្លួនឯង ខ្ញុំមិនបង្រៀនកូនឲ្យសង្ឃឹមទ្រព្យឪពុកម្ដាយឡើយ កូនត្រូវជាមនុស្សដែលពឹងផ្អែកលើខ្លួនឯង។ ឪពុកម្ដាយខ្ញុំបានចែកឱ្យខ្ញុំតែកាយសម្បទា និងចំណេះដឹងបន្តិចបន្តួច ដូច្នេះកូនរបស់ខ្ញុំត្រូវតែរឹងមាំ និងបោះជំហានទៅមុខ ក្លាយជាទំពាំងសម្រាប់ ជួយសង្គមជាតិ»។
បន្ថែមលើនេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហោះវីដេអូ បង្ហាញពីមុខរបរកូនស្រីខ្លួន ហើយបញ្ជាក់ថា «នេះជាមុខរបររបស់កូនស្រីខ្ញុំ គាត់ចេញពីរៀន គឺគាត់ប្រឹងប្រែង លក់ផលិតផល និងជាការចុងផ្ដើមរបស់គ្រួសារ ឱ្យគាត់រៀនបង្វឹកខ្លួនឯង ពុកម៉ែបងប្អូនកុំភ្លេចទិញផលិតផលគាត់ផង សព្វថ្ងៃផេករបស់គាត់មានអ្នកហ្វូឡូ រហូតដល់ជាង 60 ម៉ឺននាក់»៕