បន្ទាប់ពីការចាកចេញរបស់តារាកំប្លែង រួមនឹងអ្នកដឹកនាំវិធីកម្សាន្តមួយចំនួននោះ ពេលនេះ នាយគ្រឿន បានប្រកាសលាឈប់ពីCTNជាផ្លូវការដែរហើយ នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២ ក្រោយពីឈរជើងរីកដុះដាលនៅទីនេះអស់រយៈពេលជាង១០ឆ្នាំនោះ។
គេមិនដឹងថា ការចាកចេញរបស់នាយគ្រឿន ដោយសារមូលហេតុអ្វីនោះទេ តែបើតាមនាយពែកមី ដែលប្រកាសចាកចេញមុនគេនោះ ធ្លាប់លើកឡើងថា ខ្ញុំប្រហែលជាត្រូវឈប់ពីស៊ីធីអិនហើយបងប្អូន បើមិនក្រុមហ៊ុនដកចេញ ក៏ឈប់ខ្លួនឯងដែរ ដោយសារ ខ្ញុំមិនពេញចិត្តការដឹកនាំរបស់អ្នកគ្រប់គ្រងថ្មី។
នាយពែកមី បន្តថា ខ្ញុំមិនចង់ចាកចេញពីស៊ីធីអិន ដែលជាផ្ទះ ជាកន្លែងផ្តល់កំណើតសិល្បៈអោយខ្ញុំទេ តែខ្ញុំសុខចិត្តចេញមុខតវ៉ាខ្លះ នូវរឿងដែលរឹតត្បិតតឹងតែងពេក ធ្វើអោយបុគ្គលិកមានសម្ពាធ»។
តារាកំប្លែងមានដើមកំណើតពីខេត្តស្វាយរៀងរូបនេះ បន្តថា សង្ឃឹមថាការឈប់របស់ខ្ញុំ នឹង អ្នកកំប្លែងផ្សេងទៀត អាចធ្វើអោយអ្នកគ្រប់គ្រងថ្មីគាត់មានការបន្ធូរបន្ថយ នូវច្បាប់ថ្មីដែលតឹងតែងរបស់គាត់ខ្លះ ដើម្បីបុគ្គលិក ដែលនៅគាត់បានសុខសប្បាយមិនសូវមានសម្ពាធ សូមអរគុណ។
បន្ថែមលើនេះ នាយពែកមី បានបង្ហោះសារមួយទៀត ដោយបញ្ជាក់ថា សូមបងប្អូនសិល្បៈ ឬ បុគ្គលិក ដែលចូលទៅក្នុងCTN ហើយមានការសួរនាំច្រើន តឹងតែង ត្រូវបំពេញឯកសារផ្សេងៗ …ពីខាងសន្តិសុខ សូមបងប្អូនកុំខឹងនឹងគាត់អី គាត់ធ្វើតាមតែបញ្ជាថ្នាក់លើទេ បើគាត់មិនធ្វើគេដកគាត់គាត់ចេញ ដូចនេះសូមបងប្អូនអនុគ្រោះអោយខាងសន្តិសុខផង សូមអរគុណ។
ក្រោយការចាកចេញរបស់នាយពែកមី, នាយក្រូច, លោកតាវ៉ិចទ័រ និងតារាកំប្លែងមួយចំនួនទៀតនោះ ពេលនេះ នាយគ្រឿន បានបង្ហោះសារលាCTNថា «រីករាយនូវអ្វីដែលយើងមាន ហើយបាត់បង់ទៅវិញ លាហើយ ស៊ី ធី អិន ទីកន្លែងផ្ដល់កំណើតសិល្បៈដល់រូបខ្ញុំ លាបងប្អូន ធ្លាប់រួមការងារគ្រប់កម្មវិធីនៅទីនេះ អរគុណ ស៊ី ធី អិន អរគុណពូមីង ពុកម៉ែបងប្អូន ដែលស្រឡាញ់ និងគាំទ្រខ្ញុំរហូតមក»៕