គេនៅចាំបានថា កាលពីដើមឆ្នាំ២០២២ តារាចម្រៀងសំនៀងផ្អែមមុត និងជាម្ចាស់ពានកម្មវិធីចម្រៀង Cambodian Idol រដូវកាលទី២ កញ្ញា ឈិន ម៉ានិច្ច បានធ្វើឱ្យមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំងនៅលើបណ្ដាញសង្គម បន្ទាប់ពីនាង បានធ្វើពិធីឡើងគេហដ្ឋានថ្មីតម្លៃជាង៤ម៉ឺនដុល្លារនៅឯស្រុកកំណើត។
សមិទ្ធផលមួយនេះ បានធ្វើឲ្យ ឈិន ម៉ានិច្ច រំភើបរីករាយជាខ្លាំង ព្រោះផ្ទះថ្មីដែលចំណាយលុយផ្ទាល់ខ្លួនជាង៤ម៉ឺនដុល្លារសាងសង់នោះ គឺធ្វើឡើងដើម្បីតបស្នងគុណឪពុកម្ដាយ។ ក្រៅពីនោះ ឈិន ម៉ានិច្ច ក៏មិនភ្លេចឡើយនូវគុណបំណាច់របស់អ្នកមានគុណចំនួនពីរដែលមិនមែនជាឪពុកម្ដាយរបស់នាង គឺផលិតកម្មរស្មីហង្សមាស និងអ្នកគាំទ្រ។
ដោយឡែក នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២នេះ ឈិន ម៉ានិច្ច បានបំពេញបំណងរបស់ខ្លួនឯងវិញម្ដង ដោយបានទិញរថយន្តយ៉ាងទំនើបម៉ាក Jeep ដែលត្រូវបានគេដឹងថា មានតម្លៃប្រមាណជិត៨ ម៉ឺនដុល្លារឯណោះ។
ទោះយ៉ាងណា មានការលើកឡើងថា ការតុបតែងខ្លួនរបស់តារាចម្រៀងរូបនេះ ហាក់មិនសូវមានភាពទាក់ទាញប៉ុន្មានឡើយ, អត់ចេះប្រេនដូចគេ បើប្រៀបធៀបតារាចម្រៀង ដែលប្រឡូកស្របាលរូបនាង។
ស្របពេលមានការលើកឡើងបែបនេះ តារាចម្រៀងប្រចាំផលិតកម្មហង្សមាស ឈិន ម៉ានិច្ច បានសម្ញែងនូវគ្រឿងអលង្ការទាំងឈុត ដែលមានទាំងគ្រឿងពេជ្រ និងមាស ជាច្រើន ដោយបោះសម្ដីយ៉ាងចាក់ដោតទៀតផង។
ឈិន ម៉ានិច្ច បានសម្ញែងនូវគ្រឿងអលង្ការ រួមទាំងនាឡិកាប្រមាណជាជិត១០ឈុត រួមនឹងពាក្យពេចន៍ថា «មុននិយាយមើលផងអូនបងអត់ចេះប្រេនទេ មានតែអីចឹងមុននិយាយគិតផងអូន»៕