ក្រោយពីលែងលះគ្នាជាមួយពូម៉ៅនោះ គេសង្កេតឃើញថា អ្នកស្រី ទ្រី ដាណា បានប្រកាសបើកបេះដូងជាបន្តបន្ទាប់ ដើម្បីជ្រើសរើសបុរសស្មោះស្នេហ៍ដើម្បីធ្វើជាគូជីវិតកាន់ដៃខ្លួនដល់ចាស់កោងខ្នងនោះ។
ក្នុងការប្រកាសបើកបេះដូងនេះ អ្នកស្រី ធ្លាប់បញ្ជាក់ថា ខ្លួនរស់នៅក្នុងការកុហក បោកប្រាស់អស់រយៈពេលយូរឆ្នាំហើយ អញ្ចឹងខ្លួនត្រូវការអ្នក ដែលធ្វើឲ្យខ្លួនHappy។ អ្នកខ្លះនិយាយថា បងស្រឡាញ់អូនណាស់ៗ ប៉ុន្តែនិយាយពីស្រីវា វាមិនដែលបង្ហោះរូបយើង ហើយលេងឆាតជាមួយស្រី អញ្ចឹងទៅ។ អាហ្នឹងគេហៅថា នៅក្នុងការបោកប្រាស់។
អ្នកស្រី អះអាងថា អ្នកដែលស្រឡាញ់ខ្លួន ចូលមកក្នុងជីវិតរបស់ខ្លួនបាន មិនចាំបាច់មានច្រើននោះទេ បងអ្នករត់ម៉ូតូឌុបក៏បានដែរ មិនបាច់យកអីមកទេ យកតែបេះដូងស្មោះមកបានហើយ ហើយគ្រាន់តែប្រាប់មុនថា បោកខ្លួនអត់បានទេ ហើយក៏មិនបាច់ចង់បានអីពីខ្លួនដែរ។ បើមកកន្លែងនេះមានអ្វីៗគ្រប់បែបយ៉ាងហើយ ហើយមិនបាច់ចង់បានអ្វីពីខ្លួន គឺអត់បាននោះទេ។
ទោះយ៉ាងណា អ្នកស្រី បានបញ្ជាក់ថា ខ្លួនអត់ស្រឡាញ់អ្នកទាបៗទេ ស្រឡាញ់១,៧៨ម៉ែត្រ ទៅ១,៨០អីឡើង បានសមនឹងគីឡូរបស់ខ្លួន ព្រោះខ្លួន១,៦២ ដល់ដាក់កែងទៅ ឡើងដល់១,៧០។ អញ្ចឹងខ្លួនអត់ស្រឡាញ់ទេ អ្នកទាបៗនោះ។
ក្រោយពីប្រកាសជ្រើសរើសមក រហូតមកដល់ពេលនេះ ទំនងជាអ្នកស្រី រកឃើញអ្នកស្អំបេះដូងរបស់ខ្លួនហើយមើលទៅ ដោយជារឿយៗ គេឃើញ ថៅកែហាងពេជ្រចិត្តធម៌រូបនេះ បង្ហាញបុរសម្នាក់ ឲ្យឃើញតែខ្នង និងឧស្សាហ៍និយាយពីរឿងរៀបការរបស់ខ្លួននោះ។
អ្វីកាន់តែចាប់អារម្មណ៍ទៀតនោះ ពេលនេះ អ្នកស្រី មានគេចូលស្ដីដណ្ដឹងបាត់ទៅហើយ ហើយមិនដឹងថា ជាបុរស ដែលនាងបង្ហាញតែរូបបែរខ្នងនោះយ៉ាងណានោះទេ។ ក្នុងការមានអ្នកចូលស្ដីនេះ ដោយហេតុថា អ្នកស្រី អត់មានឪពុកម្ដាយ សួរ មានតែសួរអ្នកគាំទ្រ ថាតើចង់ឲ្យអ្នកនាងរៀបការឆាប់ៗនេះ ឬអត់នោះ?
ជាក់ស្ដែង នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ អ្នកស្រី បានបង្ហោះរូបថតញញឹមញញែមម្នាក់ឯងជាច្រើនសន្លឹក ហើយសួរយោបល់អ្នកគាំទ្ររឿងគេចូលស្ដីថា «ពីមុនមកពេលខ្ញុំរៀបការម្តាយឪពុកជាអ្នករៀបចំអោយ ហើយចុះឥលូវមានគេចូលស្តីដណ្តឹងតើអោយខ្ញុំទៅសួរអ្នកណាទៅបើម្តាយឪពុកខ្ញុំគាត់ស្លា,ប់អស់ហើយ
សួរហ្វេនៗបានទេ?តើចង់អោយចែដាណារៀបការឆាប់ៗនេះអត់?»៕