នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២នេះ អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក មានការចាប់អារម្មណ៍ជាខ្លាំង ក្រោយពីប្រទះឃើញរូបថតដ៏រំជួលចិត្តប៉ុន្មានសន្លឹក អមដោយCaptionបញ្ជាក់ថា កូនៗដើរលេងមិនចូលរៀន, ម្តាយៗមករៀនជំនួស នោះ។
បង្ហោះភ្ជាប់ជាមួយរូបថតអាណាព្យាបាលសិស្ស និងកូនសិស្ស ចំនួន៣សន្លឹក ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «Hak Try Book Discovery» បានរៀបរាប់ថា «កូនៗដើរលេងមិនចូលរៀន ម្តាយៗមករៀនជំនួស អនុវិទ្យាល័យបឹងបេង ស្រុកម៉ាឡៃ។ មុននេះបន្តិច ទឹកភ្នែកម្តាយហូរកាត់ផែនថ្ពាល់ក្លាយជាស្ទឹង អាកូនហែឆ្លងស្ទឹងទឹក ភ្នែកម្តាយទៅអារ៉ែង»។
តាមរយៈនេះ មានការចាប់អារម្មណ៍ខ្លាំងណាស់ពីសំណាក់សិស្សានុសិស្ស និងអាណាព្យាបាល ដោយក្រោយផុសត្រឹមរយៈពេលត្រឹម៤ម៉ោងប៉ុណ្ណោះ អ្នកចែករំលែកបន្តរហូតដល់ទៅ១ម៉ឺនដង, បញ្ចេញមតិជាង៣០០ និងចុចមេដៃ បេះដូង ជាង៤ពាន់។
ក្នុងចំណោមមតិជាច្រើននោះ មានការលើកឡើងថា «ម្តាយខំណាស់ដើម្បីកូនសុខចិត្តស៊ីឈ្នួលគេយកលុយអោយកូនរៀនសុំកុំធ្វើអោយម្តាយទឹកភ្នែកណាកូន..អនាគតរបស់កូនៗទេ គិតឡើងវិញណាកូន, គ្រាន់តែរៀនសោះក៏ឲ្យម៉ែឪលំបាកដែរ អ្នកខ្លះចង់រៀន ប៉ុន្តែគ្មានឱកាសរៀន បើថាមិនចង់រៀនទេ ឈប់រៀនទៅធ្វើការរកលុយចាយទៅ មានប្រយោជន៍ជាង,
មិនទាន់ហួសពេលទេ បើកែបានក៏គួរតែកែ នៅក្មេងៗបែបនេះទាំងខ្ញុំទាំងគេ តែងតែចង់ដឹងចង់សាកអ្វីដែលថ្មីៗហើយ តែ កុំភ្លេចការសិក្សា យើងអត់ទ្រព្យអាចរកបានពេលក្រោយបាន តែបើអត់ចំណេះដឹងហើយ ចង់រកមកទុកក្នុងខ្លួនប្រយ័ត្នហួសពេល, អាណិតចិត្តម្តាយឪពុកដែលពួកគាត់ខំរកលុយដើម្បីអោយប្អូនៗរៀនផង»៕