ម៉ូ​លីកា ធ្វើ​ឲ្យ​កក្រើក​អស់អ្នក​លក់​Online​ល្បីៗ​

ភ្នំពេញ ​៖​ អ្នកនាង ម៉ូ​លីកា និង​ស្វាមី​នាង​លោក ហុង មា​នុ​ណ ​បានបង្ហាញ​អារម្មណ៍​រីករាយ​ក្រៃលែង​ព្រោះ​តែ​កម្មវិធី​ខួបកំណើត​កូនស្រី នុ​ណ ច័ន្ទ​ម៉ូ​នី​តា គ​ម្រប់​អាយុ​២​ឆ្នាំ​ផ្គួប​ពិធី​ឡើងផ្ទះ​វិឡារ​ថ្មី​​នៅ​ឯ​បុរី​វា​រី​ណា សង្កាត់​ក្រាំងធ្នង់​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​៧​ ខែកក្កដា ​ឆ្នាំ​២០២២​នោះ​មាន​តារា​ធ្លាប់​រួម​អាជីព​និង​អ្នកលក់​Online​ល្បី​ជាច្រើន​បាន​ទៅ​អបអរសាទរ​នាង ខណៈ​ដែល​កម្មវិធី​នោះ​ពេលព្រឹក​ ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​ប្អូន​លោកនាយក​រដ្ឋមន្ត្រី​គឺ​លោកជំទាវ​ហ៊ុន ស៊ី​ណាត ផងដែរ​។​


ម៉ូ​លីកា បាន​ឲ្យ​ដឹងថា ​ផ្ទះ​ថ្មី​នេះ​ នាង​ទិញ​តម្លៃ​៣០​ម៉ឺន​ដុល្លារ ដោយ​បង់​ពាក់កណ្ដាល​មុន​គឺ​ចំនួន​១៥​ម៉ឺន​ដុល្លារ និង​បង់​រំលស់​ប្រចាំខែ​៣០០០​ដុល្លារ​។​ នាង​ថា​ បាន​ហៅ​ភ្ញៀវ​ទាំងអស់​ចំនួន​១០០០​នាក់​(១០០​តុ​) ហើយ​នេះ​គឺជា​កម្មវិធី​ធំ​ដែល​នាង​ បានធ្វើ​បន្ទាប់ពី​បាន​រៀបការ​កាលពី​ដើមឆ្នាំ​២០២០​។​

ឆ្លើយតប​សំណួរ​របស់​អ្នក​សារ​ព័ត៌មាន ​ដែល​ថា ​ម៉ូ​លីកា មាន​គម្រោង​យក​កូន​ថែម​នៅពេលណា​នោះ​នាង​ថា ​មិនទាន់​គិតគូរ​ដល់​រឿង​នោះ​ទេ ព្រោះថា​ក្រោយ​កូ​វី,ដ​ថមថយ​ខ្លាំង​​​នេះ ​កា​រកស៊ី​លក់​តាម​Online របស់​នាង​មាន​សន្ទុះ​ខ្លាំងក្លា​ជាថ្មី​ធ្វើ​ឲ្យ​នាង​មមាញឹក​រហូត​មិន​អាច​ដក​ខ្លួន​ដើម្បី​ទៅ​ឡើង​ច្រៀង​តាម​ឆាក​តន្ដ្រី​វិញ​បាន​ទៀត​ផង​។​
​ ​
​គេ​កត់សម្គាល់ថា​នៅ​ពីមុខ​រោង​ពិធី​ខួប​បូក​ឡើងផ្ទះ​នោះ​ មាន​ដាក់តាំង​រថយន្ដ​ម៉ាក​Jaguar ពណ៌​លឿង​ដ៏​ថ្មី​សន្លាង​១​គ្រឿង​ហើយ​នោះ ​គឺជា​ឡាន​ដែល​ម៉ូ​លីកា បាន​ទិញ​កាដូ​ឲ្យ​កូនស្រី​របស់​នាង​។​លោក​ហុង មា​នុ​ណ ហៅ​ឆា​នុ​ន ស្វាមី​ម៉ូ​លីកា បាន​ឲ្យ​ដឹងថា ​រថយន្ដ​Jaguar នោះ​ ស៊េរី​ឆ្នាំ​២០១៦ Full Option តម្លៃ​ជាង​៥​ម៉ឺន​ដុល្លារ ដែល​ពិតជា​ភរិយា​ទិញ​ឲ្យ​កូនស្រី​សំណព្វចិត្ត​របស់​លោក​នៅ​ថ្ងៃ​ខួប​នេះ​មែន​។​


​ទាំង​ម៉ូ​លីកា និង​ស្វាមី លើក​ម្រាមដៃ​ដប់​ថ្លែងអំណរគុណ​ដល់​អតិថិជន​ទាំងអស់ ​ដែល​តែងតែ​គាំទ្រ​ផលិតផល​របស់​ក្រុមហ៊ុន​ពួកគេ​អិន​ខេ ម៉ូ​លីកា ប៊ី​យូ​ធី ត្រេ​ឌី​ង ឯ​.​ក តាំងពី​ដំបូង​រហូតមក​ដល់​បច្ចុប្បន្ន​ទើប​ធ្វើ​ឲ្យ​គូស្នេហ៍​តារា​១​គូ​នេះ​មាន​ជីវភាព​ធូរធារ​ដូច​ពេលនេះ​។ ​តែ​ម៉ូ​លីកា មិន​ឆ្លើយតប​ចំពោះ​សំណួរ​របស់​អ្នកកាសែត​ដែល​សួរ​ពី​តម្លៃ​ខ្សែក​ពេជ្រ​ដែល​នាង​បាន​គ្រង​នៅថ្ងៃនោះ​ថា​មានតម្លៃ​ប៉ុន្មាន​ឡើយ​។​

​គូរ​រំលឹកថា​ អតីត​តារា​Rock ម៉ូ​លីកា បាន​រៀបការ​ជាមួយ​តារា​សម្ដែង​ហុង មា​នុ​ណ ហៅ​ឆា​នុ​ណ កាលពី​ថ្ងៃ​ទី​១៨​ ខែ​មករា ​ឆ្នាំ​២០២០ ហើយ​នាង​សម្រាល​កូនស្រី​ថ្ងៃទី​៥ ​ខែកក្កដា ​ឆ្នាំ​២០២០ ដែល​ក្រោយ​ចាប់ដៃ​គ្នា​ជាង​២​ឆ្នាំនេះ​ គូស្នេហ៍​តារា​១​គូ​នេះ​ បាន​កែប្រែ​ជីវភាព​ដោយ​រហ័ស​ដូចជា​ពេលនេះ​ពួកគេ​មាន​រថយន្ដ​ទំនើបៗ​ជិះ​មានដូចជា​Ford Raptor ,Range Rover និង​Alphard រួមទាំង​ផ្ទះ​វីឡារ​ដ៏​ប្រណិត ​ដែល​បាន​ធ្វើ​ពិធី​ឡើងផ្ទះ​ផ្អើល​ពេញ​បុរី​តែម្ដង​៕​

Related posts

Leave a Comment