គេនៅចាំបានថា មុននឹងសម្រេចបង្ហាញមុខតារាសម្ដែង សេង មង្គល ហើយប្រកាសថា ជាBAផលិតផលថ្មីរបស់ខ្លួន នៅថ្ងៃទី៩ ខែកក្កដា នោះ, អ្នកស្រី ទ្រី ដាណា តែងតែបង្ហោះរូបថតបែរខ្នងតួប្រុស បញ្ជាក់ថា ជិតបានឃើញមុខ ជិតបានរៀបការជាដើម ធ្វើឲ្យអ្នកគាំទ្រជ្រួលច្របល់ចង់ឃើញមុខជាខ្លាំង។
កន្លងមកអ្នកស្រី បង្ហោះមិនបង្ហាញមុខក៏ពិតមែន តែអ្នកគាំទ្ររបស់អ្នកស្រី បានទាយទុកមុនទៅហើយថា បុរសរូបនេះ ជាតារាសម្ដែង សេង មង្គល ហើយទីបំផុត ក៏ក្លាយជាការពិត។
អ្វីជាការចាប់អារម្មណ៍ នៅក្នុង ព្រឹត្តិការណ៍ ទម្លាយអាថ៌កំបាំងបង្ហាញមុខតួប្រុស មុននឹងបង្ហាញផលិតផលថ្មីនោះ, លោកសេង មង្គល បានយកផ្កាកុលាបមួយទង រួចលុតជង្គង់ប្រគល់ឲ្យអ្នកស្រី ទ្រី ដាណា ធ្វើឲ្យថៅកែហាងពេជ្រចិត្តធម៌រូបនេះ រំភើបចិត្តខ្លាំង ភ័យ ផង អរ ផង។
គេនៅតែមិនទាន់ដឹងនៅឡើយថា នេះជាស្នេហាពិត ឬគ្រាន់តែជាការសម្ដែង ដើម្បីយកល្បីនោះ ព្រោះក្រោយប្រគល់ផ្ការួច ស្រាប់តែពួកគេ បង្ហាញផលិតផលមួយ ទើបនឹងយកមកថ្មីៗ ធ្វើឲ្យអ្នកតាមដានចង់ដាច់ផ្ងារទៅហើយ។
តាមរយៈការហៅរបស់លោក សេង មង្គល ទៅកាន់អ្នកស្រី ទ្រី ដាណា ថាជាបងស្រី ហើយលោក ជា ទូតសុឆន្ទៈ(BA)របស់ផលិតផលថ្មីនេះផងនោះ អ្នកគាំទ្រមួយចំនួន សន្និដ្ឋានថា នេះគ្រាន់តែជាការសម្ដែង ដើម្បីបង្ហាញផលិតផលថ្មីប៉ុណ្ណោះ។
ទោះយ៉ាងណា អ្នកគាំទ្រមួយចំនួនទៀត នៅតែយល់តែជាស្នេហាពិត មិនមែនជាការសម្ដែងនោះទេ ព្រោះមុនបង្ហាញមុខជាមួយអ្នកស្រី ទ្រី ដាណា កក្រើកបណ្ដាញសង្គមនោះ, លោក សេង មង្គល បានបង្ហោះរូបថតជាមួយអ្នកម្ដាយរបស់ខ្លួន ហើយប្រាប់ថា «ម៉ាក់ប្រាប់ថា កូនដល់វ័យល្មមរៀបការហើយ»។
ងាកមក ពិធីការិនី ហ៊ិន ចាន់និរ័ត្ន ដែលកន្លងមក ធ្លាប់បង្ហាញរូបថតស្និទ្ធស្នាលជាមួយ លោក សេង មង្គល ហើយត្រូវបានគេសង្ស័យថា ជាគូស្នេហ៍នឹងគ្នានោះ, បានបង្ហោះរូបថតរបស់ខ្លួនកំពុងចុចទូរសព្ទ ១សន្លឹក ហើយពោលពាក្យគួរឲ្យចាប់អារម្មណ៍ថា «លើលោកនេះគ្មានអ្វីឋិតឋេរទេ»។
ដោយឃើញបែបនេះ តារាសម្ដែង ណាក់ ស្រីណា ចូលទៅខំមិនភ្លែតថា «គ្រប់យ៉ាងគឺបែបនេះហើយមិត្ត សំខាន់គឺយើងចេះទទួលស្គាល់ការពិត»។ ក្រោយឃើញ ណាក់ ស្រីណា លើកឡើងបែបនេះ ស្រាប់តែមានអ្នកគាំទ្រ ហ៊ិន ចាន់និរ័ត្ន ម្នាក់ ចូលទៅតបថា «ដោយសារតែលុយមិនគិតខុសអ្វីចាស់ចង់បានក្មេង»។
ដោយឡែក អ្នកគាំទ្រ ផ្សេងទៀត បានស្ក្រីនសត ពេលលោកសេង មង្គល កំពុងបង្ហាញវត្តមាន ជាមួយអ្នកស្រី ទ្រី ដាណា ហើយពោលពាក្យ លើកទឹកចិត្ត ពិធីការិនី ហ៊ិន ចាន់នីរ័ត្ន «ពាក្យ”ឋិតថេរ”មិនចេះប្រែប្រួលទេបងស្រី អ្វីដែលប្រែប្រួលគឺចិត្តមនុស្សទៅវិញទេ សំខាន់ពេលដែលយើងបានចួបរឿងមិនសមបំណង យើងត្រូវចេះទទួលស្គាល់ការពិតទៅ ព្រោះគ្រប់យ៉ាងបានលាតត្រដាងឱ្យយើងឃើញការពិតទៅហើយ មានតែត្រៀមចិត្តទទួលការពិតតែប៉ុណ្ណោះ ទើបយើងមិនសូវឈឺចាប់ខ្លាំង ស៊ូៗ និងរឹងមាំឡើងបងស្រី»។
គេកត់សម្គាល់ឃើញថា ទោះរឿងនេះ ពិត ឬមិនពិតនោះ តែអ្វីកាន់តែចាប់អារម្មណ៍មួយទៀតនោះ រូបថត ដែលពិធីការិនី ហ៊ិន ចាន់និរ័ត្ន ថតកៀកកើយជាមួយសេង មង្គល បង្ហោះលើទំព័រហ្វេប៊ុករបស់ខ្លួនកន្លងមក ហើយPinned Postនោះ បានលុបបាត់ហើយ ទុកតែរូប នៅឃ្លាតពីគ្នាប៉ុណ្ណោះ៕