កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោកCambodian Idolរដូវកាលទី៤ នៅយប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២នេះ បានឈានដល់វគ្គGreen Miles ហើយជាវគ្គមួយ ដែលសម្រេចសេចក្ដីថា បេក្ខជនរូបណាត្រូវធ្លាក់ ឬជាប់ ដើម្បីឈានទៅវគ្គLive Showនោះ។
ងាកមកចាប់អារម្មណ៍បេក្ខជនម្នាក់ ឈ្មោះស៊ឹម ច័ន្ទពន្លឺ អាយុ២៩ឆ្នាំ ជាគ្រូពេទ្យរូបសង្ហា មានស្រុកកំណើតនៅ ភូមិចក ស្រុកដូនកែវ នៅខេត្ត តាកែវ ឯណោះវិញ នៅក្នុងវគ្គដ៏ព្រឺព្រួចនេះ បានលើកយកចម្រៀង១បទ មានចំណងជើងថា «កូនប្រុសខុសហើយ» ជាប្រភេទ បទRock យកមកបង្ហាញសមត្ថភាព។
ក្នុងការបង្ហាញសមត្ថភាពនៅចំពោះមុខឆាកតន្ត្រី ដែលរៀបចំឡើងដោយកម្មវិធីលំដាប់ថ្នាក់ពិភពលោកខាងលើ, បេក្ខជន ដែលធ្លាប់ធ្វើឲ្យសុខ ស៊ីឡាលីន ធ្លាក់ក្នុងអន្លង់ស្នេហ៍រូបនេះ តុបតែងខ្លួនប្លែក កាយវិការរស់រវើក មិនចាញ់ច្រាបឆាកឡើយ មើលទៅពិតជាជក់ចិត្តខ្លាំងណាស់ ខណៈទឹកដមសំឡេងក៏ពីរោះថែមទៀត។
ជាលទ្ធផល ក្រោយការបកស្រាយចប់ គណៈកម្មការទាំង៤នាក់ សុទ្ធតែសរសើររូបគេ តែចុងក្រោយ សុ ស៊ីឡាលីន តំណាងឲ្យគណៈកម្មការទាំងមូល បានចូលរួមសោកស្ដាយចំពោះរូបគេ ដោយឲ្យរូបគេវិញត្រឡប់ទៅផ្ទះវិញផងដែរ ធ្វើឲ្យបេក្ខជនរូបនេះ បើកចិត្តទទួលយក បានត្រឹមស្ងប់ស្ងាត់ប្រឹងស្ដាប់ដល់ចប់ ទាំងក្ដីអស់សង្ឃឹមទៅហើយ។
ទោះយ៉ាងណា សុខ សីឡាលីន បាននិយាយបន្តថា ទៅផ្ទះវិញ ហើយខិតខំប្រឹងប្រែងបន្តសម្រាប់វគ្គLive Show។ គ្រាន់តែឮពាក្យនេះ បានធ្វើឲ្យគ្រូពេទ្យរូបសង្ហារំភើបស្ទើរហោះ ស្រែក-សើចឮខ្លាំងៗជាមួយកាយវិការញ័រទទ្រើត។
ការសើចខ្លាំងៗជាមួយកាយវិការដ៏ញាក់ញ័រខាងលើនេះ បានធ្វើឲ្យសុខ ស៊ីឡាលីន ស្ទើរលស់ព្រលឹង បានត្រឹមគោះទ្រូង និយាយថា «បងធ្វើស៊ីអូនឯង អូនឯងមកធ្វើស៊ីបងវិញ»។ ដើម្បីកាន់តែជ្រាបច្បាស់ទៀតនោះ សូមទស្សនាវីដេអូ ខាងក្រោមនេះ ទាំងអស់គ្នា ៖