គេនៅចាំបានថា នៅក្នុងការបង្ហាញសមត្ថភាព ឡើងប្រឡងចម្រៀងCambodian Idol កាលពីយប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២កន្លងទៅនោះ បេក្ខនារីដ៏ស្រស់ស្អាតម្នាក់ ជាគ្រូបង្រៀនឈ្មោះ អ្នកគ្រូ សេង ដានីន បានធ្វើឲ្យគណៈកម្មការពេញចិត្តខ្លាំងណាស់ចំពោះឆន្ទៈ រូបសម្រស់រូប និងទឹកដមសំឡេងដ៏ស្រទន់។
នៅពេលនោះរូបនាង ធ្វើបានយ៉ាងល្អ រហូតទទួលបាន យេស ៤ ហើយក៏អាចឆ្លងផុតវគ្គជាបន្តបន្ទាប់ទៀត រហូតដល់វគ្គGreen Mileកាលពីយប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២កន្លងទៅ អ្នកគ្រូ ដ៏មានឆន្ទៈរូបនេះ មិនឈានទៅវគ្គបន្តទៀតបាននោះឡើយ។
ក្រោយពីធ្លាក់ត្រឹមវគ្គនេះនោះ បេក្ខនារី ជាគ្រូបង្រៀនមកពីខេត្តព្រៃវែងរូបនេះ បានបង្ហោះសារថា «កន្លងមកនេះ នាងខ្ញុំពិតជាមានសំណាង ដែលបានក្ដីអាណិត ស្រឡាញ់ និងរាប់អានពីបងប្អូន អ៊ំ ពូមីងមា មិត្តភក្តិ និងកូនសិស្សជាច្រើននាក់ ជាពិសេសទាក់ទងនឹងការប្រឡងចម្រៀង Cambodian Idol 4។
សោកស្ដាយដែរ ដែលមានកង្វះខាតក្នុងការសម្ដែងវគ្គ Green Miles ជូនអ្នកទាំងអស់គ្នា។ ទោះជាមិនបានទៅបន្ត ប៉ុន្តែនាងខ្ញុំនៅតែរីករាយ និងដឹងគុណនូវអ្វីៗដែលបានឆ្លងកាត់ ព្រមទាំងការលើកទឹកចិត្ត និងពាក្យត្រង់ៗមួយចំនួនដែលធ្វើឱ្យនាងខ្ញុំស្គាល់ខ្លួនឯងកាន់តែច្បាស់។
អ្វីៗនៅជុំវិញយើងជាមេរៀនដ៏ល្អ ដែលជួយឱ្យយើងឆ្លងពីកម្រិតមួយទៅកម្រិតមួយទៀត។ ជាពិសេស អរគុណបងប្អូនបេក្ខជនទាំងអស់ ដែលបើកចិត្តយ៉ាងទូលាយរាប់អានគ្នា និងជួយកែតម្រូវគ្នាកន្លងមកជាច្រើនដោយមិនប្រកាន់ និងចេញពីចិត្ត។ អ្នកទាំងអស់គ្នាសុទ្ធតែជាមនុស្សល្អ សូមបន្តចំណុចល្អ និងបន្តធ្វើជា idol ដ៏ល្អរបស់មហាជនយើងទាំងអស់គ្នា»៕