ក្រោយពីប្រកាសពីទំនាក់ទំនងជាមួយគ្នាជាផ្លូវការអស់រយៈពេលប៉ុន្មានខែនោះ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅនេះ, តារាចម្រៀង សយ រតនៈ និង ប៉ាច គីមមួយ បានចូលរោងភ្ជាប់ពាក្យតាមប្រពៃណី ខណៈតារាល្បីៗចូលរួមជាច្រើនរូប។
អ្វី ដែលចាប់អារម្មណ៍ មុននឹងឈានដល់ការរៀបចំពិធីភ្ជាប់ពាក្យ ប៉ាច គីមមួយ និង សយ រតនៈ បានទិញផ្ទះរាប់ម៉ឺនដុល្លារ និងបង្កើតមុខជំនួញរួមគ្នាបន្ថែមពីលើអាជីពសិល្បៈរបស់ពួកគេ។
មិនត្រឹមតែជាពិធីភ្ជាប់ពាក្យទេ ប៉ាច គឺមមួយ និង សយ រតនៈ ក៏បានរៀបចំពិធីឡើងគេហដ្ឋានថ្មីផ្គួបគ្នាតែម្ដង។
ពិធីភ្ជាប់ពាក្យ និងឡើងគេហដ្ឋានថ្មី របស់ពួកគេ មើលទៅ ពិតជាមានភាពអធិកអធមខ្លាំងណាស់ ទោះធ្វើឡើងតែ១ព្រឹកក៏ដោយ ដោយមានការតុបតែងរៀបចំលំអយ៉ាងស្រស់ស្អាត ខណៈ សាមីខ្លួនស្ថិតក្នុងឈុតប្រពៃណីខ្មែរពណ៌ស៊ីជម្ពូ ពិតជាសមសួន និងស័ក្ដិសមគ្នាខ្លាំងណាស់។
កម្មវិធីរបស់ពួកគេ ធ្វើឡើងក្រោមវត្តមានចូលរួមពីសំណាក់តារាជាច្រើនដួងដូចជា តារាចម្រៀង សុគន្ធ និសា, ម៉ាដូណា, កញ្ញា រ៉េត ស៊ូហ្សាណា, តារាចម្រៀង សុខ ស្រីនាង, លោក ណុប បាយ៉ារិទ្ធ, ពិធីការិនី សោម ស្រីនាថ,លោក ឃី សុឃុន, តារាចម្រៀង នី រតនា និងភរិយា, កញ្ញា បាន មុនីល័ក្ខ, តារាចម្រៀង ចំរើន សុភ័ក្ត្រ, តារាចម្រៀង លោក ឆន សុវណ្ណរាជ, តារាចម្រៀង ឃុន វុត្ថា, តារាចម្រៀង វី ឌីណែត ជាដើម។
ដោយឡែកថ្មីៗនេះ ក្រោយពីភ្ជាប់ពាក្យរួច ស្រីស្អាត ប៉ាច គីមមួយ និងលោក សយ រតនៈ បានបណ្តើរគ្នាដូចប្តីប្រពន្ធទៅប្រទេសថៃ ដែលមានការបង្ហើបថា ក្រៅពីទៅដើម្បីពិភាក្សារឿងការងារពួកគេក៏ចំណាយពេលដើរកម្សាន្តដើម្បីរឹងបន្តឹងចំណងស្នេហ៍ឱ្យកាន់តែរឹងមាំថែមមួយកម្រិតទៀត។
នៅលើទឹកដីប្រទេសថៃនោះ ពួកគេ បានថតរូបស្វីតៗជាមួយគ្នាជាច្រើនសន្លឹក រួចបង្ហោះតាមបណ្ដាញសង្គមជាហូរហែ ក្នុងនោះលោក សយ រតនៈ បានលើកជាសំណួរទៅកាន់ហ្វេនៗរបស់ខ្លួនថា «ទាយមើលថាពួកយើងត្រូវជាអ្វីនឹងគ្នា?»។
គួរបញ្ជាក់ថា តារាចម្រៀង សយ រតនៈ ជាអតីតបេក្ខជនThe Voice Cambodia រដូវកាលទី១ កាលពីអំឡុងឆ្នាំ២០១៤ ដោយនៅពេលនោះ លោកជាកូនក្រុមរបស់Coachពេជ្រ សោភា ខណៈ ប៉ាច គីមមួយ ក៏ចូលប្រលងដំណាលគ្នា ក្នុងកម្មវិធីនោះដែរ ដោយនាងជាកូនក្រុម របស់Coachណុប បាយ៉ារិទ្ធ។
គិតមកដល់ពេលនេះអ្នកទាំងពីរ បានស្គាល់គ្នាប្រមាណជា៧ឆ្នាំហើយ។ គេចាំបានថា ក្រោយបែកផ្លូវជាមួយគូស្នេហ៍ជាអ្នកសិល្បៈដែរនោះ តារាចម្រៀងរូបស្រស់ ប៉ាច គីមមួយ បានមើលរំលងនូវបុរសមានទ្រព្យមួយចំនួន ដោយជ្រើសយកកំលោះសង្ហាជាមិត្តរួមទ្រនំលោក សយ រតនៈ ជាអ្នកស្អំបេះដូង ខណៈមានការលើកឡើងថា ពួកគេស័ក្ដិសមគ្នាទាំងព្រមមិនថាសម្រស់ និងអាយុឡើយ៕