កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២កន្លងទៅនេះ កម្មវិធីលំដាប់ថ្នាក់ពិភពលោក Cambodian Idolរដូវកាលទី៤ បានឈានដល់វគ្គLive Showសប្ដាហ៍ទី១ហើយ ជាមួយបេក្ខជនខ្លាំងៗសរុបចំនួន១៦នាក់ បានបង្ហាញវត្តមាន។
នៅក្នុងវគ្គនេះ តម្រូវឲ្យធ្វើការជម្រុះចំនួន២នាក់ ហើយក៏ជាពេលដែលផុតតួនាទីរបស់គណៈកម្មការក្នុងការសម្រេចជ្រើសរើសផងដែរ។ ពោលការសម្រេចស្ថិតនៅលើការបោះឆ្នោតពីសំណាក់ទស្សនិកជនទូទាំងប្រទេស។
ក្រោយការបកស្រាយចម្រៀងចប់ បេក្ខជន១៤នាក់ មានសំឡេងបោះឆ្នោតឲ្យច្រើន បានជាប់ឈានទៅវគ្គLive Showសប្ដាហ៍ទី២បន្តទៀត ខណៈ២នាក់ត្រូវធ្លាក់ចេញពីកម្មវិធី ដោយ២នាក់នេះ គឺបេក្ខជន អែម អាត និងបេក្ខនារី ឌី ស្រីពេជ្រ។ អ្វីជាការចាប់អារម្មណ៍នោះ អ្នកធ្លាក់នោះ មានលេខសម្គាល់ លេខ១ និងលេខ២ ពិតជាចៃដន្យមែនទែន។
ក្រឡេកមកមើលអ្នកជាប់វិញ ម្នាក់ៗសុទ្ធតែមានភាពទាក់ទាញរៀងខ្លួនៗធ្វើឲ្យគណៈកម្មការ ពិសេសទស្សនិកជនពេញចិត្តខ្លាំងណាស់។ ក្នុងចំណោមពួកគេ បេក្ខជន ថុល សុភិទិ បានលើកយកចម្រៀង១បទ មានចំណងជើងថា «មិនអាចឃាត់ទេ» មកបកស្រាយយ៉ាងពីរោះអន្លង់អន្លោច ធ្វើឲ្យគណៈកម្មការ ក៏ដូចទស្សនិកជនស្លុងអារម្មណ៍តាម។
អាចនិយាយបានថា ថុល សុភិទិ ទទួលបានការចាប់អារម្មណ៍ខ្លាំងជាងគេនៅក្នុងវគ្គLive Showសប្ដាហ៍ទី១នេះ ដោយការបង្ហោះវីដេអូចម្រៀង ដែលរូបគេបកស្រាយ នៅក្នុងបណ្ដាញសង្គម ទទួលបានអ្នកទស្សនាច្រើនជាងគេក្នុងចំណោមបេក្ខជនផ្សេងទៀតនោះ។
ងាកមក តារាចម្រៀង ពេជ្រ សូលីកា វិញ ក៏លង់ទៅនឹងទឹកដមសំនៀងរបស់ ថុល សុភិទិ ផងដែរ ដោយអ្នកនាងបានបង្ហោះវីដេអូមួយ នៅលើបណ្ដាញសង្គមទីកតុក ដោយដាក់Captionថា «ធ្វើការៗដាក់មួយឃ្លា»។ នៅលើវីដេអូនោះ អ្នកនាងសរសេរថា «My ខួរក្បាល right now»។ នៅក្នុងវីដេអូនោះ ពេជ្រ សូលីកា បានស្ដាប់សំឡេង ថុល សុភិទិ ច្រៀង ហើយអង្គុយញញឹមម្នាក់ឯង យ៉ាងមានក្ដីសុខ។
បន្ថែមលើនេះ អ្នកនាងថែមទាំងច្រៀងគោកនូវបទខាងលើនេះទៀតផង។ បង្ហោះភ្ជាប់ជាមួយវីដេអូច្រៀងគោកនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនតារាចម្រៀង ពេជ្រ សូលីកា បានដាក់Captionថា «My brain right now ឮតែ: បងស្រែកប្រាប់វេហា……..»។ ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម ៖