លោកអ្នក បានជ្រាបរួចមកហើយថា ក្រោយពីលែ,ងលះជាមួយលោកយុត្ថារ៉ា ឆានីនោះ, អ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានសាងទំនាក់ទំនងស្នេហាជាមួយលោក ហេង ឡុង ហើយថ្មីៗនេះ លោកហេង ឡុង ឡើងងារជាឧកញ៉ានោះ បានធ្វើឲ្យប្រធានសមាគមសិល្បករខ្មែររូបនេះ មានឈ្មោះជាជំទាវផងដែរ។
មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា អ្នកសិល្បៈមួយចំនួនរួមមានលោក ខេមរៈ សិរីមន្ត, លោកព្រាប សុវត្ថិ បានឡើងងារជាឧកញ៉ា។ ក្រោយឡើងងារជាឧកញ៉ានោះ ខេមរៈ សិរីមន្ត បានទិញឡានថ្មីបន្ថែមទៅលើរថយន្តRolls Royceរបស់ខ្លួន ខណៈលោកព្រាប សុវត្ថិ ទើបតែទិញរថយន្តRolls Royce ថ្មីៗនេះ បន្ថែមលើរថយន្តទំនើបជាច្រើនគ្រឿងរបស់លោក។
ងាកមកលោក ហេង ឡុង និង អ្នកនាង ចន ច័ន្ទលក្ខិណាវិញនោះ ក៏មិនអន់នោះដែរ ដោយថ្មីៗនេះ ពួកគេ បានសម្រេចទិញរថយន្តRolls-Royce Cullinan ស៊េរីឆ្នាំ២០២២។ រថយន្តនេះ ត្រូវបានរចនារូបរាងឡើងលក្ខណៈស៊ីវិល័យ និងខាងក្នុងកាន់តែទំនើបជាមួយនឹងមុខងារជាច្រើនលក្ខណៈឌីជីថល និងមានភាពស្ងប់ស្ងាត់ល្អ។
រថយន្តនេះ ត្រូវបានគេចាត់ទុកថា ជារថយន្តប្រភេទ SUV ដែលមានតម្លៃថ្លៃបំផុតមួយលំដាប់សេដ្ឋី។ ក្រោយទិញរួច កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ទំព័រហ្វេសប៊ុកឈ្មោះ«Rolls-Royce Motor Cars Phnom Penh» ទើបតែបង្ហោះរូបថតអ្នកនាង ចន ច័ន្ទលក្ខិណា ទៅទទួលរថយន្តនេះ។
បង្ហោះភ្ជាប់ជាមួយរថយន្តជាច្រើនសន្លឹក ទំព័រហ្វេសប៊ុកខាងលើ បានបញ្ជាក់ថា «យើងខ្ញុំមានសេចក្តីសោមនស្សរីករាយ ក្នុងការចែករំលែកកម្រងរូបភាព នៃការប្រគល់ជូនរថយន្ត Rolls Royce Cullinan កាលពីថ្មីៗកន្លងទៅនេះ ដែលជារថយន្ត SUV ទំនើប ដោយផ្នែកខាងក្រៅនៃរថយន្តមានពណ៌ខ្មៅ Black Diamond និងផ្នែកខាងក្នុងពណ៌លឿង Forge Yellow»។
ប្រភពបន្តថា «ដើម្បីអបអរសាទរនៃការចូលរួមជាសមាជិកគ្រួសាររបស់ Rolls Royce ភ្នំពេញ យើងខ្ញុំសូមជូនពរលោកជំទាវ និង ក្រុមគ្រួសារ ព្រមទាំងមនុស្សជាទីស្រលាញ់ទទួលបាននូវសុខសុវត្ថិភាពក្នុងការធ្វើដំណើរពេល និងអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបានជាមួយរថយន្ត Rolls Royce Cullinan នេះ»។
ដោយឡែកនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២នេះ លោកជំទាវ ចន ច័ន្ទលក្ខិណា បានចែករំលែកសារខាងលើនេះចូលគណនីហ្វេសប៊ុករបស់ខ្លួន ហើយធ្វើការអរគុណដល់ប្អូនប្រុស និងគូស្នេហ៍ខ្លួនថា «មិនដែលហ៊ានស្រម៉ៃគិតថា ចង់បានសោះ អរគុណប្អូនប្រុសចំពោះកាដូដ៏លើសលប់ អរគុណ Honey ដែលផ្តល់កម្មសិទ្ធគ្រប់យ៉ាង»៕