ប្រិយមិត្តមួយចំនួន បានជ្រាបរួចមកហើយថា កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២កន្លងទៅនេះ DJ Soda បានបង្ហាញវត្តមាននៅប្រទេសកម្ពុជា ជាថ្មីម្តងទៀត ជាមួយនឹងការឡើងលើឆាក តន្ត្រី ចាក់ភ្លេងនៅ ឯ Bar Menaka ក្នុងទីក្រុងភ្នំពេញ សម្រាប់ភ្ញៀវកិត្តិយសរាំលេងកម្សាន្ត។
វត្តមានរបស់DJ Soda នៅពេលនោះ បានធ្វើឲ្យអ្នកទស្សនាផ្ទាល់ស្រែកហ៊ោកញ្ជ្រៀវឡើងផ្អើល ហើយក៏មានអ្នកខ្លះបានថតសកម្មភាពនេះ បង្ហោះនៅលើបណ្ដាញសង្គមទីកតុក បង្កឲ្យមានការចាប់អារម្មណ៍បន្ថែមចំពោះDJដ៏ស្រស់ស្អាតជនជាតិកូរ៉េរូបនេះផងដែរ។
ក្នុងការមកដល់ប្រទេសកម្ពុជានេះដែរ DJ Soda ក៏មិនភ្លេចក្នុងការទៅលេងទឹកដីអង្គរវត្តដ៏អស្ចារ្យរបស់ខ្មែរយើង ហើយថែមទាំងស្លៀកពាក់បែបប្រពៃណីជាច្រើនប៉ុស្តិ៍ មើលទីពិតជាស្រស់ស្អាតខ្លាំងណាស់ ជាមួយនឹងការលេងទឹកមុខ កាយវិការគួរឲ្យស្រឡាញ់នោះ។
បង្ហោះភ្ជាប់ជាមួយវីដេអូ ស្លៀកពាក់ប្រពៃណីខ្មែរ នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន DJវ័យជាង៣០ឆ្នាំរូបនេះ បានដាក់Captionជាភាសាអង់គ្លេស ដែលមានន័យជាភាសាខ្មែរថា «ខ្ញុំ ស្លៀកសំលៀកបំពាក់ប្រពៃណីខ្មែរ។ តើពណ៌មួយណាស្អាតជាងគេ? តើពណ៌មួយណាដែលសក្ដិសមនឹងខ្ញុំជាងគេ?»។
តាមរយៈនេះ អ្នកគាំទ្រជាជនជាតិខ្មែរ បានលើកសរសើរថា «អូនស្លៀកឈុតមួយណាក៏ស្អាតដែរ, ស្អាតម៉ាក់, បងស្លៀកសំលៀកបំពាក់ខ្មែរសមណាស់, គួរឲ្យស្រឡាញ់ណាស់, ឈុតចុងក្រោយ ថតនៅប្រាសាទ អង្គរវត្ត, ស្អាតទាំងអស់»៕