និយាយដល់កុមារីម្នាក់ មានឈ្មោះពិតថា សុខ គីមហ័ង ហៅល្អ ហួស ប្រិយមិត្តច្បាស់ជាបានស្គាល់រួចមកហើយថា រូបនាង ត្រូវជាកូនអ្នកនាងចោម ច័ន្ទ និងត្រូវជាក្មួយស្រីរបស់នាង ដេននី ក្វាន់ ផងដែរ។ តែក្រោយមក ដេននី ក្វាន់ បានបញ្ជាក់ថា ជាកូនបង្កើតរបស់នាងទៅវិញ។
កន្លងមកកុមារីរូបនេះ ត្រូវបានក្រុមគ្រួសារបង្ហាញគោលបំណងចង់ឱ្យនាងចូលរួមតំណាងកម្ពុជាក្នុងកម្មវិធី Miss universe នាពេលអនាគតផងដែរ ខណៈពេលនេះ នាងកាន់តែធំពេញវ័យនោះ។ ទោះយ៉ាងណានេះជារឿងអនាគតប៉ុណ្ណោះ។
ងាកមកមើលបច្ចុប្បន្ន ល្អ ហួស ត្រូវបានមហាជាច្រើនកោតសរសើរនូវរូបសម្រស់ និងទេពកោសល្យសិល្បៈរបស់នាងតាំងពីកុមារភាព ខណៈពេលមុខមាត់របស់នាង ត្រូវបានគេប្រៀបធៀបស្អាតដូចទៅនឹងនាង យ៉ាយ៉ា តួឯកថៃទៀតផង។
គេនៅចាំបានថា នៅក្នុងថ្ងៃខួបកំណើតរបស់ល្អហួស កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ដេននី ក្វាន់ បានបង្ហោះរូបថតជូនពរ អមដោយសារបញ្ជាក់ច្បាស់ៗបែបនេះថា «រីករាយថ្ងៃខួបកំណើតកូនមាសម្ដាយ ឥលូវកូនធំជាងMommy ហើយ កូនកាន់តែធំកាន់តែស្អាត កាន់តែគួរអោយស្រលាញ់»។
នៅក្នុងពេលនោះល្អហួសឈានចូលវ័យ១៣ឆ្នាំ តែថ្ងៃនេះ ឈានដល់ខួបកំណើតរបស់នាងម្ដងទៀតហើយ ដោយនាងឈានចូលដល់វ័យ១៤ឆ្នាំហើយ។ តែគេមិនទាន់ឃើញ ដេន នីក្វាន់ ដែលអះអាងថាជាម្ដាយ បង្ហោះសារជូនពរទៀតនោះទេ។
ទោះយ៉ាងណា ល្អហួស បានបង្ហោះរូបថតរបស់ខ្លួន១សន្លឹក ហើយប្រាប់ថា «Cheers to 14y»។ តាមរយៈនេះ អ្នកលេងបណ្ដាញសង្គមជាច្រើន ដែលជាអ្នកគាំទ្រនាងនោះ បានចូលរួមជូនពរថ្ងៃកំណើតព្រោងព្រាត ហើយជាការឆ្លើយតបល្អហួស ធ្វើការអរគុណថា «អរគុណបងៗ ដែលបានជូនពរ សុំទោសណាដែរប្អូនមិនបានតបchatព្រោះច្រើនពេក»៕