នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២នេះ អ្នកស្រីទ្រី ដាណា បានធ្វើការបើកសម្ពោធហាងពេជ្រថ្មី សាខាច្បារអំពៅ ជាមួយនឹងវត្តមានអ្នកគាំទ្រ ផ្អើលឈូឆរទៅទិញ ដើម្បីផ្សងសំណាងជាមួយនឹងរង្វាន់ រថយន្តខ្លាញ់គោ១គ្រឿង ម៉ាក Ford Ranger XLT ស៊េរី 2023 និងម៉ូតូជាច្រើនគ្រឿង។
អ្វី ដែលកាន់តែភ្ញាក់ផ្អើលនោះ ក្នុងថ្ងៃបើកសម្ពោធ ស្រាប់តែលោក សេង មង្គល បានទៅចូលរួមលើកទឹកចិត្តអ្នកស្រី ទ្រី ដានា តាមរយៈការទិញចិញ្ចៀនពេជ្រ ហើយការទៅនោះ មិនបានប្រាប់អ្នកស្រីទ្រី ដាណា ក៏ដូចកូនចៅអ្នកស្រីឲ្យដឹងនោះឡើយ ធ្វើឲ្យគ្រប់គ្នានៅទីនោះ ភ្ញាក់ផ្អើលជាខ្លាំង។
ការភ្ញាក់ផ្អើលនេះ ដោយហេតុថា កន្លងមក មហាជន ពិសេសអ្នកគាំទ្រ កំពុងមានការសង្ស័យពីទំនាក់ទំនងស្នេហារបស់លោក សេង មង្គល ជាមួយនឹងអ្នកស្រី ទ្រី ដាណា។ តែកន្លងមក លោក សេង មង្គល បានបកស្រាយហើយថា លោកគ្រាន់តែជាBAប៉ុណ្ណោះ។
ទោះបែបនេះក៏ពិតមែន តែនៅក្នុងការបង្ហោះវីដេអូ បង្ហាញពីសកម្មភាពរបស់ខ្លួនទៅទិញចិញ្ចៀនពេជ្រនោះ លោក សេង មង្គល បានដាក់ចំណងជើងលើយូធូបរបស់ខ្លួនថា «ទិញចិញ្ចៀនទុកភ្ជាប់ពាក្យឲ្យហើយ»។
ផ្ទុយពីCaptionនេះ នៅក្នុងវីដេអូនោះ លោកគ្រាន់តែបានបញ្ជាក់ថា មកលើកទឹកចិត្តអ្នកលក់ ហើយភ្លាមនោះ អ្នកស្រី ទ្រី ដាណា និយាយថា ប្រយ័ត្នគេយល់ច្រឡំ។ តែយ៉ាងណា អ្នកស្រី មើលទៅហាក់រំភើបចិត្តមិនស្ទើរនោះដែរ ខណៈលោក សេង មង្គល មើលទៅដូចជាភ័យៗ៕