ត្រឹម២សប្ដាហ៍ចុងក្រោយក្នុងវគ្គLive Show , បេក្ខជន២រូប ក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោកCambodian Idolរដូវកាលទី៤ បានអន្ទងយកបេះដូងអ្នកគាំទ្រយ៉ាងច្រើនកុះករ ឲ្យមកតាមដាន(Follow) សកម្មភាពលើបណ្ដាញសង្គមរបស់ពួកគេ។
បេក្ខជនលេចធ្លោទាំង២រូបនេះ រួមមានបេក្ខជន លីម តិចម៉េង អាយុ២៥ឆ្នាំ មកពីខេត្តកំពង់ចាម និងបេក្ខជន ថុល សុភិទិ អាយុ២៥ឆ្នាំ មកពីរាជធានីភ្នំពេញ។ ស្របពេលមានអាយុស្មើគ្នានេះ ពួកគេទាំង២នាក់ក៏កំពុងក្លាយជាទីចាប់អារម្មណ៍សម្រាប់អ្នកគាំទ្រ ក្នុងការរំពឹងថា ម្នាក់ក្នុងចំណោមពួកគេ អាចនឹងក្លាយម្ចាស់ពានក្នុងពេលដ៏ខ្លីខាងមុខ។
នៅលើគណនីហ្វេសប៊ុករបស់ពួកគេ ក្នុងរយៈពេល២សប្ដាហ៍ចុងក្រោយ មានសន្ទុះអ្នកតាមដាន កើនឡើងច្រើនដូចគ្នា ដោយគិតត្រឹមថ្ងៃទី២៦ ខែកក្កដា, ថុល សុភិទិ មានអ្នកតាមដាន (Follow)នៅលើគណនីហ្វេសប៊ុកចំនួនជាង១១ម៉ឺន ខណៈ លីម តិចម៉េង មានអ្នកតាមដានចំនួនជិតត៦ម៉ឺន។
ទោះយ៉ាងណា ឃើញថា ថុល សុភិទិ មានអ្នកតាមដាននៅលើបណ្ដាញសង្គមហ្វេសប៊ុកច្រើនជាង លីម តិចម៉េង ជិតពាក់កណ្ដាល តែការបោះឆ្នោត តាមរយៈសារ ឃើញថា លីម តិចម៉េង មានការគាំទ្រច្រើនជាងក្នុងរយៈពេល២សប្ដាហ៍កន្លងទៅនេះ។ ទោះយ៉ាងណា មានការរំពឹងថា ថុល សុភិទិ អាចនឹងឈ្នះសំឡេងសារ លីម តិចម៉េង នៅសប្ដាហ៍ក្រោយៗទៀត។
ដោយហេតុថា ពួកគេ កំពុងទទួលបានការគាំទ្រច្រើនដូចគ្នានេះ មានអ្នកគាំទ្រមួយចំនួនបាន និងកំពុងធ្វើការប្រៀបធៀប ពិចារណា ថា គួរជ្រើសរើសយកមួយណានោះ បើសុទ្ធតែខ្លាំងដូចគ្នា។ បន្ថែមលើនេះ ក៏មានអ្នកខ្លះ បានធ្វើការរិះ,,គន់ចំពោះទឹកមុខរបស់ ថុល សុភិទិ នៅពេលដឹងថា តិចម៉េង មានសំឡេងសារច្រើនជាងខ្លួន ដោយពួកគេគិតថា ទឹកមុខបែបនេះ ជាការច្រណែន។
ឆ្លើយតបទៅនឹងការផ្គូផ្គង និងរិះ,,គន់នេះ នៅថ្ងៃទី២៦ ខែកក្កដា បេក្ខជនដ៏លេចធ្លោក្នុងការបកស្រាយបទ «មិនអាចឃាត់ទេ» ថុល សុភិទិ បានធ្វើការបញ្ជាក់ចំពោះទំនាក់ទំនងរបស់ខ្លួន ជាមួយតិចម៉េងថា «ខ្ញុំជាមួយអាម៉េងដូចបងប្អូនបង្កើតចឹងបងប្អូនកុំគិតច្រើន Lim Tichmeng»៕