ការប្រឡង ការប្រកួតប្រជែង តែមានធ្លាក់មានជាប់ មានឈ្នះ មានចាញ់ ជារឿងធម្មតា តែការធ្លាក់ដោយសារតែយើងធ្វើបានយ៉ាងល្អ ហើយត្រូវបានគេមើលរំលងនោះ ជារឿងមួយគួរឲ្យសោកស្ដាយបំផុត និងពិបាកទទួលយក។
ការធ្លាក់ពេលខ្លះជាបទពិសោធន៍សម្រាប់យើងបន្តដំណើរទៅមុខទៀតដើម្បីឈានទៅរកភាពជ័យនៅថ្ងៃអនាគត តែការធ្លាក់ច្រើនដងពេក ដោយសារតែប្រជាប្រិយភាពមិនដល់គេនោះ អាចនឹងធ្វើឲ្យយើងទប់ទឹកភ្នែករបស់ខ្លួន មិនជាប់ បើទោះរឹងមាំប៉ុណ្ណាក៏ដោយ។
តួយ៉ាង បេក្ខជន ជេន សំរិទ្ធ នៅក្នុងវគ្គLive Showសប្ដាហ៍ទី២ លោកបានលើកយកបទ «ទឹកចិត្តរបស់ស្រី» សំនៀងដើមរបស់លោក ឆាយ វីរៈយុទ្ធ យកមកបកស្រាយបានយ៉ាងពីរោះ អន្លង់អន្លោច។ ទោះយ៉ាងណា លោកមិនអាចជាប់បន្តដំណើរទៅវគ្គLive Showសប្ដាហ៍ទី៣ ក្នុងកម្មវិធីCambodian រដូវកាលទី៤នោះឡើយ ដោយសារតែទទួលបានសារសំឡេងបោះឆ្នោតតិចជាងបេក្ខជន១២រូបផ្សេងទៀត។
ការបរាជ័យចំនួន៣ដងក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោកមួយនេះ បានធ្វើឲ្យ ឆាយ វីរៈយុទ្ធទី២រូបនេះ មិនអាចទប់ទឹកភ្នែករបស់ខ្លួនបាននោះឡើយ ហើយបានបង្ហាញអារម្មណ៍តូចចិត្តតាមរយៈសារនៅលើគណនីហ្វេសប៊ុករបស់ខ្លួន។
ជេន សំរិទ្ធ បានលើកឡើងថា «ពេលខ្លះ ខ្ញុំមិនចង់អោយនរណា ឃើញទឹកភ្នែកខ្ញុំទេព្រោះខ្ញុំជាមនុស្សប្រុស បានត្រឹមសម្ងំកន្លែងស្ងាត់មួយរយ:សិន គ្រប់យ៉ាងមកពីយើងដែរ ដែលគ្មានសមត្ថភាពធ្វើឲ្យពុកម៉ែបងប្អូនពេញចិត្ត បានខ្ញុំធ្លាក់។ ចង់ប្រាប់ថា ខ្ញុំអរគុណពុកម៉ែបងប្អូនខ្លាំងណាស់ ដែលស្រឡាញ់គាំទ្រខ្ញុំបាទ ជេន សំរិទ្ធ អរគុណសម្រាប់ពាក្យជូនពរ សូមទុកខ្ញុំបាទក្នុងបេះដូងផង»។
ជុំវិញរឿងនេះ មុនសម្រេចចិត្តថា មិនSave បេក្ខជន ជេន សំរិទ្ធ ឬបេក្ខនារី ជា ស្រីលីស នោះ គណៈកម្មការ សុខ ស៊ីឡាលីន បាននិយាយថា កន្លងមក ទស្សនិកជន តែងតែបន្ទោសគណៈកម្មការរហូត មានន័យថា គណៈកម្មការ មិនអាចតម្រូវចិត្តទស្សនិកជនទាំងអស់បានទេ ម្ល៉ោះហើយទើបយើងមានការបោះឆ្នោតក្នុងវគ្គLive Show ដើម្បីឲ្យបងប្អូនទូទាំងប្រទេសធ្វើការគិតពិចារណា វិភាគ។ និយាយដល់ត្រង់ចំណុចនេះ សុខ ស៊ីឡានីន បានសង្កត់ធ្ងន់ថា ពេលខ្លះយើងអាច យកប្រជាប្រិយភាព តែពេលខ្លះ ក៏យើងត្រូវគិតពីសក្ដានុពលរបស់បេក្ខជន បេក្ខនារី ដែរ៕