នៅក្នុងការបង្ហាញខ្លួនធ្វើជាគណៈកម្មការ កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោកCambodian Idolរដូវកាលទី៤ វគ្គLive Showសប្ដាហ៍ទី២ កាលពីយប់ថ្ងៃទី២៤ ខែកក្កដា កន្លងទៅនេះ,កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា បានធ្វើឲ្យអ្នកគាំទ្រ កាន់តែចាប់អារម្មណ៍ថែមទៀតចំពោះការស្លៀកពាក់របស់អ្នកនាង។
នៅក្នុងសប្ដាហ៍ទី២នៃវគ្គ Live Show កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា បានតុបតែងខ្លួនកាន់តែពិសេសជាងពេលមុនៗទៅទៀត ដោយអ្នកនាងស្លៀកឈុត រ៉ូបរាត្រីសមោសរ យ៉ាងស្រស់សោភា ជាមួយនឹងការបង្ហាញអារម្មណ៍រំភើបចំពោះវត្តមានអ្នកមកទស្សនាផ្ទាល់ច្រើនកុះករ។
បង្ហោះភ្ជាប់ជាមួយរូបថតក្នុងឈុតរាត្រីសមោសរ យ៉ាងស្រស់ស្អាតនេះ ឱក សុគន្ធកញ្ញា បានបង្ហាញអារម្មណ៍ដូច្នេះថា «នាងខ្ញុំ ពិតជាមានអារម្មណ៍រំភើប ដែលបងប្អូនចូលរួមទស្សនាយ៉ាងច្រើនកុះករនៅសប្តាហ៍នេះ»។
ចំពោះអ្នកគាំទ្រ គ្រាន់តែឃើញអាយដល់របស់ខ្លួន ស្លៀកឈុតនេះភ្លាម ម្នាក់ៗមានការចាប់អារម្មណ៍ខ្លាំងណាស់ ដោយនាំគ្នាចុចReact និងបញ្ចេញមតិព្រោងព្រាតក្នុងនោះ ពួកគេ លើកឡើងថា «មិនមែនមកពីរ៉ូបស្អាតតែម្យ៉ាងទេ ទាំងកាយវិការឥរិយាបថរបស់គាត់ ទាំងទឹកមុខ និងស្នាមញញឹម គឺថា perfect perfect , ស្អាតខ្លាំងណាស់ម្ចាស់ថ្លៃ, កំពូលតារាចម្រៀងដែលពូកែច្នៃម៉ូដសម្លៀកបំពាក់បំផុតមិនដែលជាន់គ្នា មិនដែលសាំ កាលីពហាយសូ និងថ្លៃថ្នូរ ពេញចិត្តគ្រប់ឈុត,
ងា.ប់ហើយបងកញ្ញាឈប់ច្រៀងទៅស្អាត់ម្លឹងៗទៅប្រឡងបវរកញ្ញាវិញដឹងជាប់100%, យប់មិញច្រឡំបោះឆ្នោតអោយបងកញ្ញាភ្លេចបោះអោយបេក្ខជន Love you my Queen, ខ្ញុំក៏រំភើបដែរ ដែលបានអង្គុយខាងក្រោយIdol។, ថាឈុតមុនទៅញាក់ មកឈុតក្រោយនេះទៀត»៕
ក្រោយពីមានការចាប់អារម្មណ៍ច្រើនបែបនេះ កំពូលតារាចម្រៀងស្រីលំដាប់អភិជនរូបនេះ បានបន្តបង្ហោះរូបថត១សន្លឹកទៀត ដោយធ្វើដៃចេញជាបេះដូង ហើយសួរទៅកាន់អ្នកគាំទ្ររបស់ខ្លួនបែបលេងសើចថា «បេះដូងអើយបេះដូង អ្នកណាជាម្ចាស់បេះដូងនេះចេញមកភ្លាម»។
គួរបញ្ជាក់ថា ការធ្វើដៃបែបនេះ ជាទិដ្ឋភាព នៅពេល ដែលកំពុងតារាចម្រៀង ឱក សុគន្ធ កញ្ញា បង្ហាញការពេញចិត្តទៅកាន់បេក្ខជន ថុល សុភិទិ ហើយហៅរូបគេថា ជាអាយដល ក្រោយបកស្រាយបទចម្រៀង«ស្នាមថើបមួយនោះ» យ៉ាងពីរោះ អន្លង់អន្លោច៕