យើងសូមរំលឹកថា មុនក្លាយជាម្ចាស់ពាន, នៅក្នុងវគ្គBeat Yourself កាលពីយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២កន្លងទៅនោះ, សួ ចិត្រ ធ្វើមិនសូវបានល្អនោះទេ ក្នុងConcept បទបែបRock ដោយផ្ដើមដំបូងខុសចង្វាក់បន្តិច កាយវិការមិនស៊ីនឹងចម្រៀង ចេះតែលោតៗ។ លុះច្រៀងចប់ លោកក៏បានថើបខ្សែករបស់ខ្លួនទៀតផង។
ការថើបខ្សែកខ្លួនឯងនេះ បានធ្វើឲ្យអ្នកនាងពេជ្រ សោភា ចាប់អារម្មណ៍ខ្លាំងណាស់ ក៏សួរទៅកាន់ចិត្រ ឲ្យបញ្ជាក់ពីមូលហេតុ ហើយចិត្រ បានប្រាប់ថា ខ្សែកនេះ មេលោកឲ្យ ហើយប្រាប់ថា មកប្រឡងឲ្យជាប់ ធ្វើជាតារាហង្សមាសឲ្យបាន។
នៅទីបំផុត សួ វិចិត្រ ក៏បានក្លាយជាម្ចាស់ពាន និងជាតារាចម្រៀងនៅហង្សមាសដូចបំណង ក្រោយពីទទួលបានសំឡេងសារច្រើនជាងគេនៅវគ្គផ្ដាច់ព្រ័ត្រក្នុងកម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក Beat The Best កាលពីយប់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២នោះ។
ថៅកែរបស់ចិត្រ នៅយប់ផ្ដាច់ព្រ័ត្រ ក៏បានទៅចូលរួមលើកទឹកចិត្តផងដែរ ហើយក្រោយកូនចៅក្លាយជាម្ចាស់ពាន ក៏បានបំពាក់បាច់ផ្កា យ៉ាងស្រស់ស្អាត ហើយពោលពាក្យថា «បងចូលរួមត្រេកអរប្អូន ដែលធ្វើបានសម្រេច ប៉ុន្តែជីវិត នៅវែងឆ្ងាយណាស់ ត្រូវតែប្រឹងប្រែងតស៊ូបន្តទៀត»។
អ្វីកាន់តែចាប់អារម្មណ៍ទៀតនោះ ស្រាប់តែនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ ក្រោយពេល សួ វិចិត្រ សម្រេចបំណង ថែកែចិត្តធម៌រូបនេះ បានទិញរថយន្ត១គ្រឿងជាកាដូដល់ វិចិត្រ ជាមួយនឹងការបញ្ជាក់ថា «កាដូសម្រាប់ប្អូន»។
ឆ្លើយតបនឹងទឹកចិត្តដ៏ប្រពៃនេះ សួ វិចិត្រ បានបញ្ជាក់ថា «អត្ថន័យនៃសេចក្ដីស្រលាញ់គឺធំធេងណាស់ ហើយការស្រលាញ់មួយនឹងនៅជានិរន្ត»។ ទោះយ៉ាងណា ពេលនេះ ឡាន ដែលមេទិញឲ្យនោះ ជិះចុះជិះឡើងបំពេញការងារចំផ្លូវ ដែលឡានដឹកក្រួស ដឹកថ្ម អត់គ្របធ្លាក់លើផ្លូវ ខ្ទាតត្រូវឡានខ្លួន , សួ វិចិត្រ ក៏ចេញមុខរិះគន់តែម្ដង។
បង្ហោះភ្ជាប់ជាមួយរូបថតឡានខ្លួន នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២នេះ សួ វិចិត្រ បានរិះគន់ថា «ច្រើនលើកច្រើនសាពេកហើយ ឡានដឹកក្រួសដឹកថ្មហេតុអ្វីមិនគ្របតង់ មុននឹងឡើងបើកចេញដំណើរអាជីវកម្មតើគិតដល់សុវត្ថិភាពអ្នកដែលរួមដំណើរលើដងផ្លូវជាមួយគ្នាដែរទេ របស់ដែលកំពុងពេញស្រលាញ់(បញ្ជាក់ខ្ញុំមិនបានថា ចំពោះឡានដឹកក្រួសទាំងអស់ទេ)»៕