ភ្នំពេញ ៖ ករណីនារី ដែលធ្លាក់ពីលើអគារ SkyTree(ស្កាយទ្រី) ស្លា.ប់ នោះគឺជាករណីលោតសម្លា.ប់ខ្លួនពីជាន់ទី២៥ មិនមែនជាករណីឃាត់កម្មនោះទេ ដោយសារតែមានវិបត្តិផ្លូវចិត្ត និងជំងឺ depression ។
ហេតុការណ៍នេះ បានកើតឡើងនៅម៉ោង៩យប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ នៅអគារSky Tree Hotel ដែលមានទីតាំងចុះពីផ្លូវលេខ៧០បន្តិចស្ថិតក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីបងប្អូនរបស់នារីដែលលោតសម្លា.ប់ខ្លួនបានឱ្យដឹងថា នារីដែលធ្លាក់ពីលើអគារស្កាយទ្រី ជាន់ទី២៥ នេះមានឈ្មោះមួយ ទៀង អាយុ២២ឆ្នាំ មានបងប្អូន៣នាក់ ស្រីទាំង៣។ នាងគឺជាកូនស្រីច្បងក្នុងគ្រួសារ ម្តាយរបស់នាងបានស្លា.ប់កាលពី៤ឆ្នាំមុន ហើយមានឪពុកជាអ្នករត់ឡំប្រឺតានិងជាសន្តិសុខក្នុងក្រុមហ៊ុនឯកជនមួយ។
នាងមួយ ទៀងជាអ្នកលក់ឡេតាមអនឡាញ នាងមានជំងឺ depression ហើយមុនពេលកើតហេតុនាងបានឈ្លោះប្រកែកជាមួយនឹងសង្សាររបស់នាងតាមរយៈទូរស័ព្ទ ហើយនៅពេលនោះសង្សាររបស់នាងបាននិយាយទូរស័ព្ទទំនាក់ទំនងជាមួយអ្នកគ្រប់គ្រងខុនដូដើម្បីឱ្យទៅជួយមើលនាង តែជាក់ស្ដែងបន្ទប់ខុនដូរបស់នាងត្រូវបានចាក់សោបិទជិត លុះមួយសន្ទុះក្រោយមកនាងក៏លោតទម្លាក់ខ្លួនចុះមកខាងក្រោមតែម្ដង។
បន្ទាប់ពីកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានរួមជាមួយកម្លាំងសមត្ថកិច្ចជំនាញបានទៅដល់កន្លែងកើតហេតុ បើកការស៊ើបអង្កេតពាក់ព័ន្ធទៅនឹងការធ្លាក់របស់នារីម្នាក់នេះហើយបានសន្និដ្ឋានជាជំហ៊ានដំបូងថា នាងពិតជាលោតសម្លា ប់ខ្លួនឯងពីជាន់ទី២៥ ប្រាកដមែន ។ ទើបកម្លាំងសមត្ថកិច្ចបានធ្វើលិខិតកំណត់ហេតុប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕