គេសង្កេតឃើញថា បេក្ខជន ថុល សុភិទី ចាប់ផ្ដើមមានឈ្មោះបោះសំឡេង មហាជនស្គាល់កាន់តែច្រើនតាមរយៈការបកស្រាយបទ «មិនអាចឃាត់ទេ» នៅក្នុងកម្មវិធីCambodian Idolរដូវកាលទី៤ ក្នុងវគ្គLive Showសប្ដាហ៍ទី១នោះ។
ដោយឡែក នៅក្នុងសប្ដាហ៍ទី២នោះទៀតសោត បេក្ខជន អាយុ២៥ឆ្នាំ មកពីរាជធានីភ្នំពេញ រូបនេះ ក៏ធ្វើបានល្អ មិនចាញ់សប្ដាហ៍ទី១នោះដែរ ហើយកាន់តែរាយមន្តស្នេហ៍របស់ខ្លួន តាមរយៈបទ «ស្នាមថើបមួយនោះ»។
គ្រាន់តែ២សប្ដាហ៍ នៅក្នុងវគ្គLive Show ថុល សុភិទិ បានទាក់ទាញមនុស្សជាច្រើនឲ្យមកចាប់អារម្មណ៍លើចម្រៀងរបស់លោក ហើយគណនីហ្វេសប៊ុករបស់លោក ក៏មានសន្ទុះកើនអ្នកតាមដាន មិនធម្មតានោះដែរ ដោយគិតពេលនេះ មានអ្នកFollowរហូតដល់ទៅជាង១០ម៉ឺនទៅហើយ។
ពេល បេក្ខជន ដែលមានប្រវត្តិប្រឡងចម្រៀងធ្លាក់ច្រើនដងរូបនេះ កំពុងទទួលបានការចាប់អារម្មណ៍នោះ រឿងរ៉ាវអតីតមួយចំនួនរបស់គេ ត្រូវបានមហាជន លើកឡើងធ្វើជាប្រធានបទ ក្នុងការវែកញែក ផងដែរ។
ជាក់ស្ដែង តារាចម្រៀង ខាន់ ជេមស៍ ដែលធ្លាប់ទស្សន៍ទាយរូបគេ ថាមានសំឡេងមិនពីរោះ នៅក្នុង
កម្មវិធីទស្សន៍ទាយតារាចម្រៀងលាក់សំឡេង I Can See Your Voice Cambodiaរបស់ស្ថានីយទូរទស្សន៍ហង្សមាស កន្លងមក ដោយសារមើលទៅភ័យៗនោះ បានធ្វើការទស្សន៍ទាយជាថ្មីពីជោគវាសនារបស់រូបគេ។
បង្ហភ្ជាប់ជាមួយវីដេអូ ខ្លីមួយ ពាក់ព័ន្ធរឿងនេះ, ខាន់ ជេមស៍ បានទាយទុកមុនថា «ការតស៊ូរបស់ប្អូនពិតជាបានសម្រេចមែន ពីមុនបងទាយប្អូនខុស តែម្ដងនេះបងថា ប្អូននឹងជាប់លេខមួយជាក់ជាមិនខាន តោះមានបងប្អូនណាខ្លះគឹតថាប្អូន ភី ទិ នឹងជាប់លេខមួយខ្ញុំដែរ?»៕