បន្ទាប់មានការរិះគន់អំពីក្បាច់វាយថយរបស់កីឡាករវ័យក្មេង ឈុត សេរីវាន់ថង ពេលប៉ះកីឡាករថៃ ភីតសាយឈុន នៅលើសង្វៀនអ្នកតស៊ូគុនខ្មែរគោជល់ប៉ុស្តិ៍ CNC កាលពីល្ងាចថ្ងៃសៅរ៍មក លោក អេ ភូថង អតីតស្តេចប្រដាល់កម្ពុជាបានចេញមុខបកស្រាយ។
លោកគ្រូ អេ ភូថង ដែលមានរហស្សនាមអធិរាជកែងឆេះជង្គង់ហោះបានពន្យល់ថា កីឡាករថៃហាត់ក្បាច់ដំរីដែលមានន័យថា ថៃភាគច្រើនគេហាត់យករឹងនិងវ៉ៃក្បាច់មួយៗដូចនេះហើយទើបកីឡាករថៃភាគច្រើនមានជំហររឹងដោយសារនៅស្រុកថៃការផ្តល់ពិន្ទុមើលទៅលើជំហរ។
គ្រូបង្វឹកនៅក្លិបក្រសួងកសិកម្មរូបនេះបានបន្តថា ចំណែកកីឡាករខ្មែរភាគច្រើនហាត់ក្បាច់ឥន្ទ្រី មានន័យថា ការវ៉ៃចេញបានច្រើនចំគោលដៅពីព្រោះនៅខ្មែរ ការផ្តល់ពិន្ទុមើលទៅលើការវ៉ៃចំគោលដៅទាំងកែង ដៃ ជើងនិងជង្គង់។
លោកគ្រូបានបញ្ជាក់ថា ក្បាច់ដែលអាចឈ្នះក្បាច់ដំរីរបស់ថៃបានគឺ ក្បាច់ឥន្ទ្រីនេះតែម្តង។ របៀបនៃការវ៉ៃរបស់កីឡាករ ឈុត សេរីវាន់ថង គេហៅថាក្បាច់ឥន្ទ្រី មិនមែនរត់ទេ។ លោកគ្រូអះអាងថា នៅពេលប៉ះកីឡាករថៃដែលមានក្បាច់ដំរី យើងត្រូវតែប្រើក្បាច់ឥន្ទ្រីដូចជាការប្រកួតជាមួយ ទួនប៉េ និង ភិតសាឈុន ជាដើម៕