លោកអ្នក បានជ្រាបរួចមកហើយថា ក្នុងសង្គ្រាមDiss Trackរវាងខ្មែរមួយជីវិត ដែលកំពុងរស់នៅឯនាយសមុទ្រ ជាមួយនឹង តារាចម្រៀង ងួន ចាន់ដេវីត ហៅG-Devithកាលពីឆ្នាំ២០១៧, ២០១៩ ក៏មាន កៅ ពន្លឺ ស្ថិតក្នុង ក្រុម ក្មេងខ្មែរ ចូលរួមផងដែរ ដោយឈរនៅខាង ខ្មែរមួយជីវិត តតាំងនឹងG-Devith។
តាមរយៈការDiss Trackនៅពេលនោះ ឃើញថា ពិតជាកក្រើកខ្លាំងណាស់ ហើយអ្នកគាំទ្រគិតថា ពួកគេ ប្រហែលជាមិនអាចក្លាយជាមិត្តវិញនោះទេ។ តែអ្វីៗទំនងដូចជា ងួន ចាន់ដេវីត ធ្លាប់និយាយហើយមើលទៅថា ផែនដីមានរាងមូលគង់តែជួបគ្នានោះ ហើយទីបំផុត G-Devithក៏បើកចិត្តទម្លាយដូចធ្លាប់លើកឡើងមែន។
ជាក់ស្ដែង ក្រុមក្មេងខ្មែរ ដែលធ្លាប់មានឈ្មោះល្បីល្បាញនោះ បែរជាស្ងប់ស្ងាត់ ចេញបទចម្រៀងមួយរយៈ ហើយ ចម្រៀងចេញក្រោយៗក៏មិនល្បីដូចមុន។ តែពួកគេ មិនបោះបង់ឡើយ ហើយក៏ចាប់ផ្ដើមត្រឡប់មកវិញជាមួយនឹងការចេញបទចម្រៀង«Keep Going»។
ការបង្ហោះMV ខាងលើនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២នោះ ក្រុមក្មេងខ្មែរ បានដាក់Captionថា «[Kmeng Khmer] – Keep Going [official Music video] ខ្ញុំក្រខ្ញុំត្រដររត់ទៅរៀន ចង់មានខ្ញុំមិនដែលលក់ក្រលៀន ចង់តែធ្វើតន្ត្រីអោយវាក្លាយជាអ្នកមាន !!….»។
ដោយឃើញបែបនេះ តារាចម្រៀង ងួន ចាន់ដេវីត ដែលធ្លាប់តែមានជម្លោះជាមួយគ្នាបែកផ្សែង បានចូលរំលែកMVនេះ ចូលគណនីហ្វេសប៊ុករបស់ខ្លួន ហើយធ្វើការស្វាគមន៍ចំពោះការវិលត្រឡប់របស់ក្រុមក្មេងខ្មែរថា «I said Congratulations
សូមលើកទឹកចិត្តអោយការវិលត្រលប់របស់អ្នកទទួលបានជោគជ័យ keep going my brother.
Welcome back»។
គ្រាន់តែឃើញដូច្នេះភ្លាម អ្នកគាំទ្រចូលទៅខំមិនព្រោងព្រាតថា «បើកចិត្តឲ្យទូលាយ អ្នកនិងមានអារម្មណ៍ ថាមានសេចក្ដីសុខ, សាងមិត្តល្អជាងសាងស..ត្រូវ ខ្ញុំគិតថាបងធ្វើបែបនេះវាជារឿងល្អ, មិត្តសម្លាញ់កើតចេញពីស..ត្រូវ តែស..ត្រូវកើតមកពីមិត្តសម្លាញ់»៕