កាលពីពេលថ្មីៗកន្លងទៅនេះ ក្រោយពីទទួលដំណឹងថា កីឡាករ ក្រាក់ សម្ផស្ស ដែលល្បីល្បាញកាលពីប្រមាណ២០ឆ្នាំមុន ជួបការលំបាកក្នុងជីវភាព រកព្រឹកខ្វះល្ងាចនោះ អ្នកលេងបណ្ដាញសង្គមជាច្រើន បានបង្ហោះសារសម្ដែងក្ដីអាណិត។
ជាក់ស្ដែង ក្នុងចំណោមនោះ មានអ្នកខ្លះលើកឡើងថា ក្រាក់ សម្ផស្ស កីឡាប្រដាល់ ដែលធ្លាប់ល្បីឈ្មោះ កំពុងធ្លាក់ខ្លួន មានជំងឺ ប្រចាំកាយ រស់នៅក្នុងខ្ទម ដ៏កម្សត់ មានជីវភាពក្រីក្រ រកតែបាយហូប មិនចង់បានផង ដើរស៊ីឈ្នួលដាំដំឡូងឲ្យគេ បានលុយ ១ថ្ងៃ ហូប ១ថ្ងៃ។
ក្រោយពីទទួលដំណឹងនេះ មានសប្បុរសជនមួយចំនួន បានចូលរួមឧបត្ថម្ភជួយដល់កីឡាកររូបនេះផងដែរ។ តែអ្វីកាន់តែរំភើបទៀតនោះ សម្ដេច អគ្គមហាសេនាបត្តី តេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភដល់កីឡាកររូបនេះរហូតដល់ទៅ២ម៉ឺនដុល្លារឯណោះ។
យោងតាមលោកផែង វណ្ណៈ បានធ្វើការបញ្ជាក់ដូច្នេះថា «សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភថវិកា ២ ម៉ឺនដុល្លារ ជូនដល់ កីឡាករ ក្រាក់ សម្ផស្ប
នៅព្រឹកថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០២២ នេះ សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានឧបត្ថម្ភថវិកាចំនួន ២ម៉ឺនដុល្លារ អាមេរិក ជូនដល់កីឡាករប្រដាល់ក្បាច់គុនខ្មែរ ក្រាក់ សម្ផស្ប ដែលកំពុងជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃ ។ ថវិកានេះ ខ្ញុំបាទនឹងយកទៅប្រគល់ជូន លោក ក្រាក់ សម្ផស្ប នៅថ្ងៃនេះតែម្ដង ។
ខ្ញុំបាទជួសមុខអោយ កីឡាករប្រដាល់ក្បាច់គុនខ្មែរ ក្រាក់ សម្ផស្ប សូមគោរពអរគុណសម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដែលតែងតែយកចិត្តទុកដាក់ជួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ។ សូមគោរពជូនពរសម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានសុខភាពល្អ បរិបូណ៌ អាយុយឺនយូរ ដើម្បីបន្តដឹកនាំនាវាកម្ពុជារក្សាបានសុខសន្តិភាព និង ការអភិវឌ្ឍន៍»៕