នៅក្នុងការបង្ហាញខ្លួនធ្វើជាគណៈកម្មការ កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោកCambodian Idolរដូវកាលទី៤ គេសង្កេតឃើញថា កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា បានតុបតែងខ្លួនយ៉ាងស្រស់ស្អាតជាមួយនឹងម៉ូដសម្លៀកបំពាក់យ៉ាងប្រណីតគ្មានជាន់គ្នាឡើយ មើលទៅប្លែករហូត ពី១សប្ដាហ៍ទៅ១សប្ដាហ៍នោះ។
គេមិនដឹងថា សម្លៀកបំពាក់កំពូលតារាចម្រៀងស្រីលំដាប់ប្រទេសរូបនេះស្លៀកម្ដងៗពេលឡើងកម្មវិធីលំដាប់ថ្នាក់ពិភពលោកខាងលើចំណាយលុយអស់ប៉ុន្មាននោះឡើយ។ តែអ្នកគាំទ្រមួយចំនួន សន្និដ្ឋានស្មានៗថា អស់មិនក្រោមម៉ឺនដុល្លារទេមើលទៅ ព្រោះមើលទៅពិតជាស្រស់ស្អាត និងប្រណីតខ្លាំងណាស់។
ក្រៅពីការឡើងកម្មវិធីខាងលើ សម្លៀកបំពាក់របស់កំពូលតារាចម្រៀង ដែលមានប្រវត្តិតស៊ូតាំងពីក្មេងរូបនេះ ក៏មិនអន់នោះដែរ។ ជាក់ស្ដែង កាលពីថ្ងៃទី១៣ ខែសីហា ឱក សុគន្ធកញ្ញា បានបង្ហោះរូបថតប៉ុន្មានសន្លឹក ធ្វើឲ្យអ្នកគាំទ្រលាន់មាត់សរសើរសឹងគ្រប់គ្នា សូម្បីតែបេក្ខជន ថុល សុភិទិ ក៏ទប់ចិត្តសរសើរមិនបាននោះដែរ។
បង្ហោះភ្ជាប់ជាមួយរូបថតដ៏ស្រស់ស្អាត ជះសម្រស់ចាំងភ្នែកអ្នកគាំទ្រនោះ ឱក សុគន្ធកញ្ញា បានពោលពាក្យថា «មនុស្ស ដែលរឹងមាំ មិនប្រាកដថាសុទ្ធតែជោគជ័យគ្រប់រូបនោះទេ ហើយមនុស្ស ដែលជោគជ័យក៏មិនប្រាកដថារឹងមាំទាំងអស់នោះដែរ។
ជួនកាលមនុស្ស ដែលអ្នកមើលឃើញថា រឹងមាំអាចជាមនុស្ស ដែលទន់ជ្រាយក៏ថាបាន
មនុស្សគ្រប់រូបតែងមានភាពរឹងមាំ និង ទន់ជ្រោយក្នុងខ្លួនរៀងៗខ្លួន គ្រាន់តែគេមិនបញ្ចេញមកក្រៅ។ កុំអស់សង្ឃឹម កុំតូចចិត្ត ហើយក៏កុំរាថយ»។
ដោយឃើញបែបនេះ បេក្ខជន ដែលកំពុងល្បីក្នុងកម្មវិធី Cambodian Idolរដូវកាលទី៤ ថុល សុភិទិ ទប់ចិត្តមិនជាប់ បានលាន់មាត់សរសើរថា «ស្អាតណាស់ចែ»។ ចំណែក Cambodian Idolរដូវកាលទី៣ គ្រី ថៃពៅ ក៏បានបង្ហាញការគាំទ្រចំពោះCaptionខាងលើនោះថា «ទទួលបានបងស្រីជាទីគោរពស្រលាញ់របស់ប្អូន»៕