កម្មវិធីលំដាប់ថ្នាក់ពិភពលោកCambodian Idol រដូវកាលទី៤ បានឈានដល់វគ្គLive Showសប្ដាហ៍ទី៥ កាលពីយប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ ជាមួយបេក្ខជន បេក្ខនារីចំនួន៩រូប បានបង្ហាញសមត្ថភាព។
ក្នុងចំណោមបេក្ខជន បេក្ខនារីទាំង៩រូបនោះ មានតែបេក្ខជន បេក្ខនារី៦នាក់ប៉ុណ្ណោះ ដែលអាចឈានទៅវគ្គបន្តទៀត ជាវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនោះ ខណៈបេក្ខជន៣នាក់ទៀត រួមមាន ផាន គីមសុង, ឡាច ណុច និង លី ប៊ីលី ត្រូវធ្លាក់ចេញពីកម្មវិធីទាំងសោកស្ដាយ ដោយសារសំឡេងសារគាំទ្រពីទស្សនិកជន តិចជាងបេក្ខជន បេក្ខនារី៦នាក់ផ្សេងទៀតនោះ។
ក្រោយពីដឹងលទ្ធផលថា ខ្លួនធ្លាក់ហើយនោះ បេក្ខជន ឡាច ណុច និង លី ប៊ីលី មានការសោកស្ដាយខ្លាំងណាស់ បានត្រឹមបង្ហូរទឹកភ្នែកនៅលើឆាកតន្ត្រីដ៏អស្ចារ្យមួយនេះ ជាមួយនឹងការពោលពាក្យអរគុណដល់អ្នកគាំទ្រ និងជួយជ្រោមជ្រែងខ្លួនកន្លងមកនោះ។
ដោយឡែក បេក្ខជន ផាន គីមសុង វិញ នៅលើឆាកដ៏អស្ចារ្យមួយនេះ រូបគេ មិនបានបង្ហូរទឹកភ្នែកសូម្បីបន្តិច ដោយមើលទៅពិតជារឹងមាំ មិនដូចទៅនឹងបទចម្រៀង ដែលលោកបកស្រាយយ៉ាងពីរោះ «ទឹកភ្នែកអ្នកស្រែ» នោះទេ។ តែនៅពីក្រោយឆាកវិញ មិនដូច្នេះឡើយ។
ជាក់ស្ដែង នៅយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ផាន គីមសុង បានចែករំលែកវីដេអូ ចម្រៀង «ទឹកភ្នែកអ្នកស្រែ» ដែលលោកបកស្រាយកាលពីយប់ ហើយពោលពាក្យទាំងទឹកភ្នែកថា «មិនមែនទឹកអ្នកស្រែទេ/គឺទឹកភ្នែក ផាន គីមសុង ដែលធ្លាក់»។
បន្ថែមលើនេះ នៅរសៀលថ្ងៃដដែលបេក្ខជន ដែលជាប់Top 3 កាលពីសប្ដាហ៍មុនរូបនេះ បានធ្វើការសុំទោសចំពោះអ្នកគាំទ្រថា «សុំទោសពុកម៉ែបងប្អូនទាំងអស់ ដែលខ្ញុំមិនអាចឈានជើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របាន/ ដែលខ្ញុំធ្វើឲ្យពុកម៉ែបងប្អូនខកបំណង អរគុណខ្លាំងណាស់ពីសំណាក់ពុកម៉ែបងប្អូន ដែលតែងតែស្រឡាញ់ និងគាំទ្ររូបប្អូន ផាន គីមសុង រហូតមក»៕