ប្រិយមិត្តមួយចំនួន ទំនងជាបានជ្រាបរួចមកហើយថា តាំងពីបង្ហាញវត្តមានចូលរួមក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោកCambodian Idolរដូវកាលទី៤មកនោះ គេតែងតែឃើញ បេក្ខជន លីម តិចម៉េង ធ្វើបានល្អជាមួយបទចម្រៀង ដែលខ្លួន លើកមកបកស្រាយនោះ។
ដោយឡែក នៅយប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ ជាវគ្គLive Showសប្ដាហ៍ទី៥នោះ
លីម តិចម៉េង បានលើកយកបទ «អាក្របី» មកបកស្រាយទាំងទឹកមុខក្រៀមក្រំ មិនបង្ហាញស្នាមញញឹមដូចពេលកន្លងមកនោះឡើយ។
ពេលច្រៀងចប់ បេក្ខជនរូបនេះ ត្រូវបានទស្សនិកជន ស្រែកហ៊ោកញ្ឆៀវអបអរសាទរ និងបង្ហាញការលើកទឹកចិត្តលោកលើសវគ្គមុនៗទៅទៀត ឡើងកក្រើកស្ទូឌីយោ ធ្វើឲ្យរូបលោក ទប់ទឹកភ្នែកមិនជាប់ ហូរធ្លាក់មកតែម្ដង។
ការបង្ហាញសមត្ថភាពរបស់ បេក្ខជន មកពីខេត្តកំពង់ចាមរូបនេះ, គណៈកម្មការមើលមិនឃើញចំណុចខ្វះខាតឡើយ ដោយម្នាក់ៗ បន្តលើកសរសើរមិនដាច់ពីមាត់ និងបង្ហាញក្ដីសប្បាយរីករាយចំពោះកម្មវិធីCambodian Idolរដូវកាលទី៤នេះ ដែលមានអ្នកគាំទ្រច្រើនលើសរដូវកាលណាណាទាំងអស់នោះ។
ទោះយ៉ាងណា ងាកមកតារាចម្រៀងរៀមច្បង សាន ផានិត ឯណោះវិញ បានមើលឃើញនូវចំណុចខ្វះខាតរបស់ លីម តិចម៉េង ហើយបានផ្ដល់យោបល់តាមរយៈសារនៅលើគណនីហ្វេសប៊ុកខ្លួនថា «ប្អូនដាក់ម៉ៃក្រហ្វូនកៀកពេក អឿនរលាក់ច្រើនល្បះវែងពេកច្រាលចង្វាក់ស្ទើរដង្ហើមហើយ
រលាក់ជ្រុលព្យាយាមអោយដូច ណុបបាយ៉ារិទ្ធ ពេកក្នុងបទរសជាតិដើមពីបទប៉ុប មិនត្រូវទេ កែភ្លេងមករសជាតិស្រុកស្រែម៉េចក៏នៅតែមេឡូឌីOriginal ប៉ុបរបស់គេ សំឡេងប្អូនប៉ុបដូចបង មិនអាចអឿនរលាក់គ្រប់កន្លែងបានទេ ជាពិសេសបទPop & Rock មិនត្រូវការរលាក់ទេ អាចត្រឹមកន្លែងបិតបញ្ជប់កន្ទុយឃ្លា៤ទៅ៥កន្លែងក្នុង១បទអឿនរលាក់បញ្ចប់យកពីរោះហ្មង! ខំប្រឹងប្រែងបន្តទៀតប្អូន ស៊ូ ស៊ូ ប្អូន និង ភិទិ នៅតែជាreal idol លេចធ្លោជាងគេសម្រាប់បងដដែល»។
តាមរយៈនេះ មានអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកមួយចំនួន បានចូលទៅខំមិនសម្ដែងការគាំទ្រចំពោះការលើកឡើងរបស់ លោក សាន ផានិត។ ជាក់ស្ដែង ពួកគេ ខំមិនដូច្នេះថា «ត្រឹមត្រូវបងប្រុស ខ្ញុំមិនមែនជាអ្នកចម្រៀងទេតែខ្ញុំស្ដាប់ទៅគឺគាត់រលាក់សឹងតែគ្រប់ឃ្លា គឺរលាក់ច្រើនពេក, មែន ស្ដាប់ឲ្យមែនទែនទៅ គឺសំឡេងស្រដៀងនឹងបង សាន ផានិត មែន»៕