លោកអ្នកបានជ្រាបរួចមកហើយថា កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោករដូវកាលទី៤វគ្គLive Showសប្ដាហ៍ទី៥ កាលពីយប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២កន្លងទៅ បានជម្រុះបេក្ខជនជើងខ្លាំងចំនួន៣នាក់ ក្រោមការសម្រេចចិត្តពីគណៈកម្មការទី៥។
អ្នកធ្លាក់ចំនួន៣នាក់ ដោយសារទទួលសំឡេងបោះឆ្នោតតិចជាងគេពីទស្សនិកជននោះ រួមមាន បេក្ខជនជើងខ្លាំង ផាន គីមសុង, ឡាច ណុច និង លី ប៊ីលី។ ក្រោយពួកគេធ្លាក់មានការជជែកវែកញែកមួយចំនួនថាពួកគេមិនសមធ្លាក់ ខណៈបេក្ខជនមួយចំនួនទៀត ធ្វើមិនបានល្អ ច្រៀងមិនបានពីរោះដូចគេផង។
ទំនងជាឆ្លើយតបជុំវិញរឿងនេះ សួ វិចិត្រ បានបង្ហោះសារកាលពីថ្ងៃទី១៥ ខែសីហា ដោយ បានសាកសួរទៅកាន់អ្នកគាំទ្រមួយចំនួន និងបានណែនាំពួកគេថា «បើស្រលាញ់idolរបស់អ្នកពិតមែនសូមជួយបោះឆ្នោតណាបងប្អូនខ្ញុំបានសាកសួរបងៗមួយចំនួនរួចហើយ ថាបានបោះឆ្នោតអោយidolរបស់បងហើយរឺនៅ?គាត់ថានៅ អញ្ចឹងសូមបោះឆ្នោតអោយidolរបស់អ្នកផងណា»។
ជុំវិញរឿងនេះ មានការបញ្ចេញយោបល់ផ្សេងៗគ្នា ក្នុងនោះមានការលើកឡើងថា «ឈប់បោះហើយបងអើយអាយដលខ្ញុំ ផាន គឹមសុង ធ្លាក់បាត់ហើយ ឈប់បោះឲ្យអស់លុយទៀតហើយ»។ ឆ្លើយតបទៅនឹងការលើកឡើងនេះ សួ វិចិត្រ ប្រាប់ទៅវិញថា «បងស្រលាញ់គាត់តែអ្នកផ្សេង មិនគិតដូចបងទេ សោកស្ដាយផងបង»។
គួរកត់សម្គាល់ថា អ្នកធ្លាក់ក្នុងវគ្គLive Showសប្ដាហ៍មុនៗកន្លងមក ក៏ត្រូវបានអ្នកគាំទ្រពួកគេមើលឃើញថា ល្អ និងខ្លាំងជាងបេក្ខជន ដែលជាប់មួយចំនួនផងដែរ។ ដូច្នេះ សង្ឃឹមថា អ្នកគាំទ្រ ចំពោះបេក្ខជន ទាំង៦រូប ដែលបានជាប់ទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនោះ សូមចូលរួមបោះឆ្នោតទៀតអស់គ្នា ដើម្បីកុំឲ្យជួបរឿង ដូច សួ វិចិត្រ លើកឡើង៕