កំពូលកីឡាករប្រដាល់កម្ពុជាវ៉ៃមិនញញើតដៃគូ កែវ រំចង់ នៅថ្ងៃនេះបានបង្ហោះនៅលើបណ្តាញសង្គម Facebook របស់ខ្លួនរៀបរាប់អំពីការអវត្តមានឡើងប្រកួតលើសង្វៀនលំដាប់ពិភពលោក MAS Fight។
អ្នកប្រយុទ្ធកំពូលឌឺរូបនេះបានបង្ហោះក្នុងគណនី Facebook របស់ខ្លួនដែលមានឈ្មោះ Keo Rumchong នៅថ្ងៃទី២៥ខែតុលានេះថា “សុំទោសបងប្អូនផង ខ្ញុំមិនបានប្រកួតថ្ងៃទី២៧នេះទេ សេដ (SAD)”។
ទោះបីជាយ៉ាងណាក៏ដោយ គេមិនបានដឹងថាតើហេតុអ្វីបានជា កែវ រំចង់ បង្ហោះសារដូចនេះនៅលើបណ្តាញផ្សព្វផ្សាយសង្គមទេខណៈដែលមានអ្នក Comment ជាច្រើនបានសាកសួរប៉ុន្តែរូបគេមិនបានប្រាប់ពីមូលហេតុឡើយដោយគ្រាន់តែឆ្លើយតបថា “សុំទោសផងណា” ប៉ុណ្ណោះ។
គួរបញ្ជាក់ថា ខ្លាកំណាចខេត្តបាត់ដំបងរូបនេះត្រូវបានផ្គូរផ្គងឲ្យប៉ះជាមួយកីឡាករថៃដែលជាដៃគូចាស់ ឆាងភឿក ចេស្តារ ក្នុងកម្មវិធីលំដាប់ពិភពលោក MAS Fight Kun Khmer ដែលរៀបចំឡើងលើទឹកដីកម្ពុជាជាលើកដំបូងនៅថ្ងៃអាទិត្យទី២៧ខែតុលាហើយក៏មានផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ Town ផងដែរ៕